ខ្មែរ Archive

ជយោ! ភាសា​ខ្មែរ​មាន​ក្នុង​កម្មវិធី Google Translate ហើយ

ព័ត៌មាន​ចេញ​កាល​ពី​ខែ​មុន​នៅ​តាម​បណ្ដា​សារព័ត៌មាន​នានា​បាន​បញ្ជាក់​ថា ភាសា​ខ្មែរ​នឹង​មាន​ក្នុង​កម្មវិធី​បក​ប្រែ Google Translate នៅ​ក្នុង​ឆ្នាំ​នេះ។ ព័ត៌មាន​មួយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អស់​ចិត្ត​សោះ នៅ​តែ​ចង់​ដឹង​ចង់​ឃើញ​ពី​ដំណើរ​ការ​ធ្វើ​និង​ការ​ចេញ​ផ្សាយ។ តែ​នៅ​ពេល​នេះ​ការ​រង់​ចាំ​របស់​យើង​ទាំង​អស់​គ្នា​បាន​ចេញ​ជា​លទ្ធផល​ហើយ គឺ​នៅ​ពេល​នេះ Google Translate បាន​បញ្ចូល​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្មវិធី​របស់​គេ​ហើយ ក៏​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​កំណែ Alpha ដំបូង​ប៉ុណ្ណោះ គឺ​ការ​បក​ប្រែ​មិន​ទាន់​ត្រឹម​ត្រូវ​ច្រើន​ឡើយ ក៏​ប៉ុន្តែ​យើង​ក៏​អាច​ចូលរួម​ឲ្យ​ការ​បក​ប្រែ​នេះ​ល្អ​ថែម​ទៀត​ដែរ ដោយ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បកប្រែ​និមួយៗ។ វា​ពិត​ជា​មាន​មោទនភាព​ណាស់​សម្រាប់​ភាសា​ជាតិ​របស់​យើង ដែល​នៅ​ពេល​នេះ​កំពុង​បង្ហាញ​មុខ​ជា​អន្តរជាតិ។ គ្រាន់​តែ​ខ្ញុំ​ដឹង​ពី​ដំណឹង​នេះ​ភ្លាម ខ្ញុំ​សែន​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ខ្ញុំ​ក៏ដូច​អ្នក​ទាំង​អស់​គ្នា​​បាន​រង់​ចាំ​អស់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ។ ព័ត៌មាន​បន្ថែម៖ --ប្លក់​ផ្លូវការ​របស់ Google Translate ៖ ហេតុ​ផល​ពីរ​ដែល​លំបាក​នៅ​ក្នុង​ដំណើរ​ការ​បក​ប្រែ​ភាសា​ខ្មែរ​គឺ ភាសា​ខ្មែរ​នៅ​លើ​អ៊ីនធឺណិត​នៅ​មាន​តិច (ដូច្នេះ​យើង​គួរ​នាំ​គ្នា​សរសេរ​ភាសា​ខ្មែរ​ឲ្យ​ច្រើន) ការ​សរសេរ​ពាក្យ​ជា​ទូទៅ​មិន​ត្រូវ​បាន​ប្រើ​ដក​ឃ្លា (ព្រោះ​ភាសា​ខ្មែរ​យើង​សរសេរ​ជាប់ៗ​គ្នា មិន​មែន​ដក​ឃ្លា​គ្រប់​ពាក្យ​ដូច​អង់គ្លេស​នោះ​ឡើយ) Google នឹង​ព្យាយាម​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​ខាង​មុខ។ ម្យ៉ាង​វិញ​ទៀត​ក្បួន​ដោះ​ស្រាយ (បក​ប្រែ​ពាក្យ វេយ្យាករណ៍ ការ​រៀប​ចំពាក្យ) នឹង​មាន​ភាព​ប្រសើរ​នៅ​ពេល​ដែល Google រក​ឃើញ​ការ​បក​ប្រែ​និង​សិក្សា​អំពី​ការ​បក​ប្រែ​បន្ថែម (alternative translations) របស់​អ្នក។

ភូមិ វចនានុក្រម អង់គ្លេស – ខ្មែរ សម្រាប់​ទូរស័ព្ទ Android

ភូមិ គឺ​ជា​វចនានុក្រម​អេឡិកត្រូនិក​ភាសា អង់គ្លេស – ខ្មែរ ដ៏​ល្អ​មួយ​សម្រាប់​ទូរស័ព្ទ Android របស់​អ្នក។ វចនានុក្រម​នេះ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​ស្វែង​រក​ពាក្យ, ប្រើ​បាន​ដោយ​ឥត​គិត​ប្រាក់​សម្រាប់​អ្នក​ប្រើ​ប្រាស់ Android គ្រប់ៗ​គ្នា។ កម្មវិធី​នេះ​ស្ថិត​នៅ​ក្នុង​កំណែ ១.០ នៅ​ឡើយ តែ​តាម​រយៈ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​កំណែ ២.០ នឹង​មាន​ដាក់​បញ្ចូល​វចនានុក្រម ខ្មែរ – អង់គ្លេស មួយ​ថែម​ទៀត។ ទាញ​យក​កម្មវិធី​វចនានុក្រម ភូមិ ពី​ផ្សារ​កម្មវិធី កម្មវិធី​វចនានុក្រម​មួយ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ៖ GGear Co., LTD.

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ Khmer Nagari (ខ្មែរ នាគរី)

  ពុម្ព​អក្សរ​នេះ​មាន​ផ្សាយ​រូបរាង​ដំបូង​នៅ​កាល​ពី​ខែ​មករា ឆ្នាំ​២០១០ នៅ​ឯ​ប្លក់​របស់​លោក​ពូ ដាញ់ ហុង (អាន​ទីនេះ)។ ចាប់​ពី​ពេល​នោះមក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ការ​ចេញ​ផ្សាយ​ឲ្យ​ប្រើ​ជា​សាធារណៈ​ឡើយ ដ្បិត​គាត់​រវល់​ជាមួយ​ការ​ងារ​ខ្លាំង​ណាស់។ តែ​កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ពូហុង និយាយ​ពី​រឿង​ផ្សេងៗ ហើយ​ខ្ញុំ​ក៏​នឹក​ឃើញ​ពុម្ព​អក្សរ​មួយ​នេះ។ ខ្ញុំ​ក៏​សាក​សួរ​គាត់ ដើម្បី​សុំ​មក​ធ្វើ​បន្ត។ គាត់​បាន​ផ្ដល់​មក​ឲ្យ​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ហើយ​ខ្ញុំ​បាន​បញ្ចប់ជា​ស្ថាបពរ​នៅ​យប់ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១១។ ដំបូង​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​នោះ ពុម្ព​អក្សរ​នេះត្រូវ​បាន​ធ្វើ​រួច​តែ​តួ​ព្យញ្ជនៈ ៣១តួ, ស្រៈ ៣តួ, ជើង​ព្យញ្ជនៈ ៤តួ, តែ​បុណ្ណោះ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ចំនួន​៨ថ្ងៃ ដើម្បី​ធ្វើ​ពុម្ព​អក្សរ​នេះ​ឲ្យ​បាន​សម្រេច។ នៅ​ពេល​នេះ ពុម្ព​អក្សរ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាបពរ និង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ភ្លាមៗ​នៅ​ថ្ងៃ​នេះ។ ពុម្ព​អក្សរ​នេះ​អាច​ប្រើ​បាន​ទាំង​នៅ​ក្នុង​កម្មវិធី​រដ្ឋបាល (Office), កម្មវិធីរចនា​រូបភាព Photoshop។ រក្សា​សិទ្ធិ​ដោយ ទេព សុវិចិត្រ និង ដាញ់ ហុង ទាញ​យក ជា​ឯកសារ .zip ជា​ឯកសារ .tar.gz ប្រភព​ដើម៖ Sovichet Life