អំពីគេហទំព័រ
ឥឡូវនេះមនុស្សទាំងអស់កំពុងតែរស់នៅក្នុងសម័យបច្ចេកវិទ្យា ទំនើបមួយដែលបង្កភាពងាយស្រួលកាន់តែច្រើនជាងមុនៗទៅទៀត។ ទាំងការរចនា, ការគូរប្លង់, ការបោះពុម្ព, ការរក្សាទុកឯកសារ និងការងារជាច្រើនទៀត។ ការបោះពុម្ពជាផ្នែកមួយនៃបច្ចេកវិទ្យាទំនើបសម័យនេះដែរ ព្រោះគេអាចបោះពុម្ពផ្ទាំងបដាធំៗរាប់សិបម៉ែត្រការេ ឬ បោះពុម្ពសៀវភៅផ្សព្វផ្សាយ ឬក៏ បោះពុម្ពខិតប័ណ្ណរាប់ពាន់សន្លឹកដោយមិនចំណាយពេលយូរនោះឡើយ។ ការបោះពុម្ពទាំងនោះចាំបាច់ត្រូវការប្រើពុម្ពអក្សរក្នុងការរចនា និងសរសេរ។ ហើយការបោះពុម្ពបែបទាំងនោះបានប្រើប្រាស់អក្សរផ្សេងៗទៅតាមចិត្តអ្នករចនា ប៉ុន្តែបច្ចុប្បន្ននេះការប្រើអក្សរយូនីកូដខ្មែរបាននិងកំពុងរីកចម្រើនឡើងក្នុងផ្នែករចនា។
អក្សរយូនីកូដខ្មែរដែលត្រូវបានចាប់បដិសន្ធិឡើងនៅខែកញ្ញា ឆ្នាំ១៩៩៩ (ចាប់ពីពេលប្រព័ន្ធអក្សរ Unicode កំណែទី៣ បានចេញផ្សាយ) ហើយបានលេចរូបរាងពេញលេញនៅឆ្នាំ២០០៤។ បច្ចុប្បន្ននេះអក្សរយូនីកូដខ្មែរត្រូវបានគេដំឡើងប្រើទាំងនៅក្នុងកុំព្យូទ័រនិងទូរស័ព្ទ។ ចាប់ពីឆ្នាំ២០០៤មកដល់បច្ចុប្បន្ននេះ ការបង្កើតពុម្ពអក្សរខ្មែរត្រូវបានប្រព្រឹត្តិទៅគួរសម ហើយអ្នកបង្កើតពុម្ពអក្សរក៏មានច្រើនដែរ។
ដោយសារខ្ញុំមើលឃើញអំពីការខិតខំបង្កើតពុម្ពអក្សរខ្មែរឡើងដោយបងប្អូនជាតិខ្មែរយើងនានា ទើបខ្ញុំបានចាប់ផ្ដើមគេហទំព័រនេះឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់ អ្នករចនា, អ្នកបោះពុម្ព, អ្នកធ្វើការរដ្ឋបាល និងអ្នកប្រើប្រាស់ធម្មតាទៀត អាចស្វែងរកពុម្ពអក្សរខ្មែរទៅប្រើយ៉ាងងាយស្រួល ព្រមទាំងឆាប់រហ័សផងដែរ។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចធ្វើការទាញយកពុម្ពអក្សរជាកញ្ចប់ (ប្រមូលផ្ដុំរួមគ្នា) ដែលខ្ញុំប្រមូលផ្ដុំវាជារៀងរាល់ខែ (បើសិនមានពុម្ពអក្សរថ្មីៗ)។
រាល់ពុម្ពអក្សរ ដែលផ្សាយនៅក្នុងគេហទំព័រនេះសុទ្ធសឹងតែត្រូវបានរក្សាសិទ្ធិដោយម្ចាស់ដើម។
គេហទំព័រនេះត្រូវបានបង្កើតឡើងដោយខ្ញុំបាទ ទេព សុវិចិត្រ, ក្នុងគោលបំណងបម្រើប្រយោជន៍សង្គម ដោយមិនគិតប្រាក់កម្រៃពីអ្នកចូលទស្សនាឡើយ ហើយត្រូវបានដាក់សម្ពោធជាសាធារណៈនៅថ្ងៃទី... ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ..... ។