ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​និយាយ​ភាសា​ខ្មែរ ខ្ញុំ​សរសេរ​អក្សរខ្មែរ ក៏​ព្រោះ​តែ​ខ្ញុំ​ស្រលាញ់​ខ្មែរ

តើ IT4Ug.net មាន​ន័យ​ដូច​ម្ដេច​ទៅ?

ដំបូង​ឡើយ​ខ្ញូំ​ចង់​ប្រើឈ្មោះ IT4U.net ក៏​ប៉ុន្តែ​ត្រូវ​បាន​គេ​ទិញ​រូច​បាត់​ទៅ​ហើយ។ ដូច្នេះ​ខ្ញុំក៏​បាន​ជ្រើស​រើស​យក IT4Ug.net បែប​នេះ​ទៅ​វិញ។ IT4Ug មាន​ន័យ​ថា៖

  • IT4U = Information Technology for You = បច្ចេកព័ត៌មានវិទ្យា​សម្រាប់​អ្នក
  • g = Group = ក្រុម ។

ខាង​ក្រោម​នេះ​ជា​គោល​បំណង​នៃ​គេហទំព័រ​មួយ​នេះ។

គោល​បំណង​ធំៗ​នៅ​ទីនេះ៖

  • ជួយ​បង្កើន​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ នៅ​ក្នុង​វិស័យ​បច្ចេកព័ត៌មានវិទ្យា (IT)
  • ផ្ដល់​បទពិសោធន៍, ជំនាញ, និង​ជួប​ជាមួយ​អ្នក​អភិវឌ្ឍ កម្មវិធី និង គេហទំព័រ​នានា
  • ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​ថ្មី ក្នុង​ពិភព​កម្មវិធី​កុំព្យូទ័រ
  • ផ្ដល់​ព័ត៌មាន​ផ្សេងៗ​អំពី​វិស័យ បច្ចេកព័ត៌មានវិទ្យា
  • អាច​ស្នើ​សុំ​នូវ​អត្ថបទ​មេរៀន​ណា​មួយ (ពួក​យើង​នឹង​ខំ​ជួយ​រក​ជូន​លោក​អ្នក)
  • ធ្វើ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ បង​ប្អូន ជន​ជាតិ​ខ្មែរ​នានា ដែល​មាន​ជំនាញ​ផ្នែក​កុំព្យូទ័រ។

នៅ​ទីនេះ កន្លែង​នេះ តំបន់​បណ្ដាញ​នេះ គឺ​បង្កើត​ឡើង​ដើម្បី​ប្រជាជន​ខ្មែរ ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​ខ្មែរ ហើយ​អ្វី​ដែល​ផ្ដោត​ធំ​បំផុត​នៅ​ទីនេះ គឺ​ភាសា​ខ្មែរ។ តើ​មាន​ន័យ​ដូច​ម្ដេច?

នៅ​សព្វ​ថ្ងៃ​នេះ វិស័យ​បច្ចេកវិទ្យា​កុំព្យូទ័រ​មាន​ការ​រីក​ចម្រើន​ខ្លាំង បើ​ប្រៀប​ធៀប​ទៅ​នឹង​អតីត​កាល។ តែ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​នៅ​ក្នុង​វិស័យ​នេះ មិន​ទាន់​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ តាម​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​ប្រទះ​មក គឺ​អ្នក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ និង​អ្នក​អភិវឌ្ឍ​គេហទំព័រ ស្ទើរ​តែ​៨០% ទៅ​ហើយ​ដែល​ពួក​គាត់​បាន​ប្រើ​ភាសា​បរទេស​ជំនួស​ភាសា​ខ្មែរ ក្នុង​ការ​និយាយ ឬ ក្នុង​ការ​សរសេរ​អត្ថបទ ឬ ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​នានា​នៅ​ក្នុង​កម្មវិធី​របស់​ពួក​គាត់។ តែ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ជួយ​អភិវឌ្ឍ​ភាសា​ខ្មែរ​នៅ​ក្នុង​វិស័យ​នេះ ឲ្យ​រីក​ចម្រើន ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ច្រើន ឲ្យ​មាន​ប្រជាប្រិយភាព ខ្លាំង។ យើង​ត្រូវ​នាំ​គ្នា​គិត​ថា អ្វី​ដែល​យើង​កំពុង​តែ​ឈរ​នៅ​លើ​នេះ គឺ​ជា​ទឹក​ដី​កម្ពុជា យើង​កើត​ជា​ខ្មែរ អ្វី​ដែល​យើង​កំពុង​រៀន និង​ប្រើ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា គឺ​ភាសា​ខ្មែរ ដូច្នេះ​យើង​មិន​គួរ​បំភ្លេច​ចោល​បាន​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​កុំព្យូទ័រ គឺ​ជា​ផ្លូវ​មួយ​ក្នុង​ការ​ជួយ​បង្កើន​ប្រជាប្រិយ​ភាព ភាសា​ខ្មែរ និង ឲ្យ​មនុស្ស​ជាតិ​មាន​ការ​ស្រលាញ់​ភាសា​ជាតិ​ខ្លួន ប្រសិន​បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។

ក្រៅ​ពីនេះ យើង​ធ្វើ​ការ​ជា​ក្រុម ដែល​ម្នាក់ៗ​អាច​ផ្ដល់​ជា​អត្ថបទ​នានា ដែល​ខ្លួន​បាន​ដឹង ឬ បាន​ស្រាវ​ជ្រាវ​ឃើញ។ យើង​ខ្ញុំ​សុំ​គាំទ្រ​នូវ​គេហទំព័រ​មួយ​ចំនួន ដែលផ្ដល់​ជា​មេរៀន​ដ៏​សំខាន់​មួយ សម្រាប់​ប្រជាជន​ខ្មែរ៖

  • http://km.wikipedia.org/ (ជា​សព្វវចនាធិប្បាយ​ជា​ភាសា​ខ្មែរ)
  • http://km.wordpress.com/ (ជារបុំ​ប្លក់​ជា​ភាសា​ខ្មែរ)
  • http://kooms.info/ (បង្កើត​ដោយ​លោក ប្រាក់ សុភី, ផ្ដោត​ធំ​ចំពោះ ការ​បង្កើត​គេហទំព័រ)
  • និង​គេហទំព័រ​ផ្សេងៗ​ទៀត ដែល​នឹង​បញ្ចូល​នៅ​ពេល​ក្រោយ។

សូម​អរគុណ​លោក​អ្នក ដែល​គាំទ្រ ហើយ​បាន​ចូល​ទស្សនា​គេហទំព័រ​មួយ​នេះ។

ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ ចំពោះ​បង​ប្រុស “ស៊ឺន ចែង​ចើន” ដែល​បាន​ឧត្ថម្ភ​នូវ​ឈ្មោះ​ដូមែន “it4ug.net”។ សូម​បង​ទទួល​បាន​នូវ​ជោគ​ជ័យ​ក្នុង​គម្រោង កិច្ចការ នានា។ និង​សូម​អរគុណ​ដល់​បង​ប្រុស​ម្នាក់​ទៀត ដែល​ឧបត្ថម្ភ Hosting ផង​ដែរ។

គេហទំព័រ​នេះ​ចាប់​ផ្ដើម​បង្កើត​នៅ​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង ៧ល្ងាច, ភ្នំពេញ, កម្ពុជា។