តើ​គួរ​បង្កើត​គេហទំព័រ​ដោយ​ប្រើ Responsive Layout ដែរឬទេ?

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ការ​ប្រើ​ប្រាស់​ទ្រង់​ទ្រាយ Responsive ក្នុង​ការ​រចនា​គេហទំព័រ​មាន​ការ​រីក​សុះ​សាយ​យ៉ាង​លឿន​ជា​ទី​បំផុត។ បច្ចេកវិទ្យា​ចេះ​តែ​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​យើង​ក៏​ត្រូវ​តាម​ឲ្យ​ទាន់​វា​ដែរ។

Responsive គឺ​ជា​ប្រភេទ​ទ្រង់​ទ្រាយ​ដែល​គ្រប់​គ្រង​លើ​ទំហំ​អេក្រង់​នៃ​ឧបករណ៍​និមួយៗ មាន​ន័យ​ថា​ពេល​ដែល​បើក​គេហទំព័រ​ក្នុង​ទូរស័ព្ទ, កុំព្យូទ័របន្ទះ, កុំព្យូទ័រ… វា​នឹង​ពង្រីក​បង្រួម​ទ្រង់​ទ្រាយ​គេហទំព័រ​ឲ្យ​សម​ទៅ​នឹង​ទំហំ​អេក្រង់​នៃ​ឧបករណ៍​ទាំង​នោះ ដោយ​មិន​ចាំ​បាច់​ត្រូវ​មាន​អ្វី​ជា​ជំនួយ​បន្ថែម​ទៀត​ឡើយ។ វា​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ ដោយ​ប្រើ​លក្ខណៈ​ថ្មី​មួយ​គឺ @media query  ។

ប្រភព៖ http://artequalswork.com

កាល​ពីមុន ដើម្បី​បង្កើត​ទំព័រ​សម្រាប់​ទូរស័ព្ទ​គេ​និយម​បង្កើត​នូវ sub domain ថ្មី​មួយ​បន្ទាប់​មក​សរសេរ​កូដ​ថ្មី​ឬ​រចនា​រូបរាង​ថ្មី​របស់​វា ដែល​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ចំណាយ​ពេល​ច្រើន។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ប្រើ Responsive នេះ​វិញ គឺ​វា​ជួយ​ឲ្យ​ទ្រង់​ទ្រាយ​វែបសាយ​យើង​ផ្លាស់​ប្ដូរ​ទៅ​តាម​ទំហំ​នៃ​ឧបករណ៍​និមួយៗ​បាន​យ៉ាង​ល្អ។

ការ​បង្កើត​គេហទំព័រ​ប្រើ​ទ្រង់​ទ្រាយ Responsive មាន​ពីរ​ជម្រើស​ដែល​អ្នក​គួរ​ពិចារណា៖

  1. សរសេរ CSS ដោយ​ខ្លួន​ឯង
  2. ប្រើ CSS Framework

កាល​ពី​ពេល​មុន​នោះ​ខ្ញុំ​ធ្លាប់​បាន​សរសេរ​អត្ថបទ​មួយ​ទាក់​ទង​នឹង CSS Framework តែ​ពេល​នេះ​ខ្ញុំ​សុំ​បង្ហាញ​ម្ដង​ទៀត តែ​លើក​យក​តែ Framework ដែល​មាន​លក្ខណៈ Responsive តែ​ប៉ុណ្ណោះ ដែល​មាន​រាយ​ឈ្មោះ​នៅ​ខាង​ក្រោម​នេះ៖

  1. Twitter Bootstrap
  2. Zurb Foundation
  3. Gumby Framework
  4. Unsemantic
  5. Responsive Grid System

ហើយ​នៅ​មាន​ជា​ច្រើន​ថែម​ទៀត ដែល​អ្នក​អាច​ស្វែង​រក​បាន​នៅ​ក្នុង​អ៊ីនធឺណិត ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា framework ទាំង​អស់​សុទ្ធ​តែ​មិន​មែន​ដូច​គ្នា​នោះ​ទេ ដូច្នេះ​ហើយ​លក្ខណៈ​ពិសេស​របស់​វា​ក៏​ខុស​គ្នា​ដែរ ដោយ​ហេតុ​នេះ​ហើយ framework ខ្លះ​ពិត​ជា​មិន​អាច​បំពេញ​តម្រូវ​ការ​របស់​អ្នក​ឡើយ ដូច្នេះ​ចូរ​សិក្សា​ស្រាវ​ជ្រាវ​ពី​វា មុន​នឹង​យក​ទៅ​អនុវត្ត​លើ​គម្រោង​របស់​អ្នក។ 🙂