អំពី WordPress .org និង .com

គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ (CMS – Contents Management System) ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​រៀប​ចំ, ផ្សាយ, សរសេរ​អត្ថបទ​ទៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា មាន​ពីរ​ប្រភេទ គឺ៖ .org និង .com ។ មាន​មនុស្ស​មួយ​ចំនួន​បាន​យល់​ច្រឡំ និង​យល់​មិន​ច្បាស់​រវាង​វា​ទាំង​ពីរ​នេះ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល និង​ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ភាព​ខុស​គ្នា​រវាង​ប្រភេទ​ទាំង​ពីរ​នេះ មក​បក​ស្រាយ​បញ្ជាក់។

WordPress.com

WordPress.com ជា​កម្មវិធី​ប្លក់ (blogging software) ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី ឥត​គិត​ប្រាក់ ហើយ​មាន​ការ​ថែ​ទាំ ត្រួតពិនិត្យ​បញ្ហា​ដោយ​ក្រុម​ហ៊ុន Automattic។ ហើយ​ម្យ៉ាង​វិញ​ទៀត អ្នក​ក៏​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ដែរ។ ការ​ប្រើ​ប្រាស់ WordPress.com អ្នក​ពុំ​ចាំ​បាច់​ត្រូវ​ការ​មាន​ទីកន្លែង​បង្ហោះ (hosting) ឬ​ក៏​ត្រូវ​ការ Domain អ្វី​ឡើយ ព្រោះ​ទាំង​នេះ​គេ​បាន​ផ្ដល់​ឲ្យ​អ្នក​រួច​ជា​ស្រេច ទី​កន្លែង​ផ្ទុក ៣ជីកាបៃ, និង sub-domain (ឧ៖ abc.wordpress.com) ។

សារៈ​ប្រយោជន៍

  • ឥត​គិត​ថ្លៃ និង​ងាយ​ស្រួ​ល​ក្នុង​ការ​ដំឡើង
  • អ្វីៗ​ទាំង​អស់​ត្រូវ​បាន​ថែទាំ និង​ត្រួត​ពិនិត្យ។ ដូច​ជា៖ ការ​ដំឡើង, ការ​ពារ​របស់​រំខាន (spam), សុវត្ថិភាព ។ល។
  • ប្លក់ (blog) របស់​អ្នក​ស្ថិត​នៅ​លើ​ម៉ាស៊ីន​មេ (server) ជា​ច្រើន ដូច្នេះ​កុំ​បារម្ភ​ថា​វា​នឹង​ទទួល​ការ​ធ្លាក់​ចុះ ហើយ​មិន​មាន​ដំណើរ​ការ។
  • រាល់​មាតិកា​របស់​អ្នក ត្រូវ​បាន​បម្រុង​ទុក​ដោយ​ស្វ័យ​ប្រវត្តិ។
  • អ្នក​នឹង​ទទួល​បាន​ការ​ចូល​ទស្សនា​ច្រើន​ពី សហគមន៍ WordPress.com រួម​មាន៖ អត្ថបទ​ប្លក់​ប្រចាំ​ថ្ងៃ ជាដើម។
  • អ្នក​អាច​ស្វែង​រក​អ្នក​ប្រើ​ប្រាស់​ប្លក់​ផ្សេងៗ​ទៀត នៅ​ក្នុង​ប្រព័ន្ធ​ប្លក់ WordPress ទាំង​មូល
  • ទំព័រ​ព័ត៌មាន (Dashboard) របស់​អ្នក​មាន​សុវត្ថិភាព​ខ្ពស់ ជាមួយ​នឹង​បច្ចេកវិទ្យា SSL

ផល​វិបាក

  • WordPress.com មាន​ផ្ដល់​ពុម្ព​រូបរាង (theme) ជាង ១៦០ ដែល​អាច​កែ​ប្រែ​កូដ បាន (តែ​ការ​កែ​ប្រែ​នេះ អ្នក​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ជា​មុន​សិន)
  • អ្នក​មិន​អាច​ផ្ទុក​ឡើង​ពុម្ពរូបរាង​ពី​ខាង​ក្រៅ​មក​បាន​ទេ
  • អ្នក​មិន​អាច​កែ​កូដ បាន​ទេ
  • ហើយ​ក៏​មិន​អាច​បន្ថែម​កម្មវិធី​ជំនួយ​ពី​ខាង​ក្រៅ​មកថែម​ទៀត​ដែរ

បើ​តាម​ការ​ពន្យល់​ខាង​លើ គេ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​កន្លែង​ផ្ទុក​ចំនួន ៣ជីកាបៃ, ចុះ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​បន្ថែម​ទៀត? អ្នក​ចាំ​បាច់​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ដើម្បី​បន្ថែម​ចំណុះ​ផ្ទុក។ ហើយ​ប្រសិន​បើ​អ្នក​ចង់​ប្រើ​ឈ្មោះ domain ឲ្យ​ដាច់​ពី .wordpress.com អ្នក​ក៏​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ដូច្នោះ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ អ្នក​អាច​សរសេរ​អត្ថបទ​បាន​ដោយ​គ្មាន​ចំនួន​កំណត់ ហើយ​រាល់​អត្ថបទ​ទាំង​អស់ ត្រូវ​បាន​រក្សា​ទុក​យ៉ាង​ត្រឹម​ត្រូវ។

តែ​យើង​ត្រូវ​ចង​ចាំ​មួយ​ថា ប្លក់របស់​យើង​នឹង​ត្រូវ​បិទ ប្រសិន​បើ​យើង​ល្មើស​នឹង​ច្បាប់​នៃ​ការ​ផ្សព្វផ្សាយ​ដែល​មាន​ចែង​នៅ​ក្នុង លក្ខខណ្ឌ​សេវាកម្ម

ដូច្នោះ​សរុប​មក​អ្វី​ដែល​គេ​ផ្ដល់​ឲ្យ​យើង គឺ​មាន​កម្រិត​ជាក់​លាក់​ណា​មួយ ហើយ​សម្រាប់​ប្រើ​ជា​ទូទៅ និង​ផ្ទាល់​ខ្លួន។ តែ​យើង​ក៏​អាច​បន្ថែម​កម្រិត​ទាំង​នោះ ដោយ​ប្រើ​ប្រាស់​ថវិកា​មួយ​ចំនួន។

WordPress.org

រីឯ​មួយ​នេះ​វិញ អ្នក​អាច​ទាញ​យក​កម្មវិធី WordPress ទាំង​មូល (វា​ត្រូវ​បាន​គេ​កែ​ច្នៃ សម្រាប់​ប្រើ​ជា​ឯកជន) ទៅ​ដំឡើង​ប្រើ​ប្រាស់​ជា​ឯកជន ហើយ​មាន​ប្លែក​ពី WordPress.com ខាង​លើ​នេះ។ WordPress.org ជា​កម្មវិធី​វែប​បើក​ទូលាយ (Open Source) ដែល​យើង​ជា​អ្នក​ប្រើ​ប្រាស់ អាច​កែ​ច្នៃ​កូដ និង​ធ្វើ​អ្វីៗ​តាម​ដែល​យើង​ប្រាថ្នា​ចង់​បាន។

សារៈ​ប្រយោជន៍

  • អ្នក​អាច​ផ្ទុក​ឡើង​បន្ថែម​នូវ ពុម្ព​រូបរាង ពី​ខាង​ក្រៅ
  • អាច​ផ្ទុកឡើង​បន្ថែម​នូវ កម្មវិធី​ជំនួយ ពី​ខាង​ក្រៅ
  • អាច​ធ្វើ​ការ​កែ​ប្រែ​កូដ​បាន​ដោយ​សេរី ប្រសិន​បើ​អ្នក​មាន​ជំនាញ​បច្ចេកទេស​ច្បាស់​លាស់

ផល​វិបាក

    • អ្នក​ត្រូវ​មាន​សេវាកម្ម​បង្ហោះ (hosting service) ដែល​ល្អ
    • ត្រូវ​ការ​ចំណេះ​ដឹង​បច្ចេកទេស​ច្រើន ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ដំណើរ​ការ
    • អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​នឹង​របស់​រំខាន​ផ្សេងៗ (spam)
    • អ្នក​ត្រូវ​តែ​បម្រុង​ទិន្នន័យ​ទុក​ដោយ​ខ្លួន​ឯង (backup)
    • អ្នក​ត្រូវ​តែ​បន្ទាន់​សម័យ​កម្មវិធី​នេះ ដោយ​ខ្លួន​ឯង​នៅ​ពេល​ដែល​កំណែ​ថ្មីៗ​ចេញ​មក

បន្ថែម​ពី​លើ​នេះ​ទៀត​កម្មវិធី WordPress ឯកជន​មួយ​នេះ អ្នក​អាច​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម, កែ​ប្រែ​មូលដ្ឋាន​ទិន្នន័យ។ រីឯ​ការ​ដំឡើង​វិញ​ទៀត​សោត អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ទីកន្លែង​ដែល​អ្នក​បង្ហោះ មាន​សុវត្ថិភាព​ខ្ពស់ ហើយ​និង​មាន​ភាព​ទុក​ចិត្ត​ជា​ទីបំផុត ព្រោះ​មាន​កន្លែង​បង្ហោះ​មួយ​ចំនួន ផ្ដល់​នូវ​ម៉ាស៊ីន​មេ (server) មិន​ល្អ ហើយ​អាច​ធ្វើ​ឲ្យ​គេហទំព័រ​របស់​អ្នក​ធ្លាក់​ចុះ បើក​មិន​ចេញ​សោះ​ឡើយ។

ហើយ​ប្រសិន​បើ​អ្នក​ជ្រើស​រើស​ប្រើ WordPress ឯកជន អ្នក​ចាំ​បាច់​ត្រូវ​ស្វែង​យល់​ឲ្យ​កាន់​តែ​ជ្រៅ​ទៅ​លើ​ផ្នែក​កូដ មាន​ដូច​ជា , CSS, PHP, មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​ចាំ​បាច់​ត្រូវ​ស្វែង​យល់​អំពី​រចនាសម្ព័ន្ធ​កូដ​របស់ WordPress ទៀត​ផង។

ដូច្នេះ​សរុប​សេចក្ដី​អំពី WordPress.org គឺ​ចាំ​បាច់​ឲ្យ​អ្នក​មាន​ជំនាញ​បច្ចេកទេស​ច្រើន ដើម្បី​គ្រប់​គ្រង​វា​ឲ្យ​មាន​ដំណើរ​ការ​ល្អ និង​ជៀស​ផុត​ពី​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ដោយ​យថាហេតុ។

———-

ឈប់​សិន!

មុន​នឹង​បញ្ចប់​អត្ថបទ ខ្ញុំ​ចង់​បញ្ជាក់​បន្ថែម​អំពី​និមិត្ត​សញ្ញា WordPress។

  • ពណ៌​ខៀវ ជា WordPress.com
  • ពណ៌​ខ្មៅ / ប្រផេះ ជា WordPress.org

សូម​ប្រយ័ត្ន!
មាន​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា WordPress ខុស​មួយ​ចំនួន ដូច្នេះ​សូម​មើល​រូប​ខាង​ក្រោម​នេះ ហើយ​ចង​ចាំ​ទុក​នូវ​និមិត្តសញ្ញា​ត្រឹម​ត្រូវ​របស់ WordPress។

[WordPress Logo]

 ———- 

ទាំង​នេះ​ជា​ព័ត៌មាន​អំពី​លក្ខណៈ​នៃ WordPress ទាំង​ពីរ​ប្រភេទ​ដែល​ខ្ញុំ​បាន​ដក​ស្រង់​ខ្លះៗ​ចេញ​ពី​គេហទំព័រ​ដើម និង​ចេញ​ពី​ការ​យល់​ដឹង​របស់​ខ្ញុំ។ តើ​អ្នក​បាន​យល់​អំពី​ពួក​វា​ទាំង​ពីរ​ហើយឬនៅ? ប្រសិន​បើ​នៅ​មាន​ចម្ងល់​បន្ថែម​ទៀត សូម​ដាក់​វាចា​នៅ​ខាង​ក្រោម​នេះ ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

[WordPress.com vs WordPress.org]