“ព្រឹត្តិការណ៍​បើក​ទូលាយ” ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ

កាល​ពី​សប្ដាហ៍​មុន IT4U បាន​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ ក្រោម​ប្រធាន​បទ “ព្រឹត្តិការណ៍​បើក​ទូលាយ” ដែល​មាន​ការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​មាន​ជំនាញ​លើ​ផ្នែក​ផ្សេងៗ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ឯ សាកលវិទ្យាល័យ​ហ្សាម៉ាន់។ តាម​ស្ថិតិ​កន្លង​មក បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​មាន​ចំនួន​សុរប​ជាង ២០០នាក់ រួម​មាន​ដូច​ជា ព្រះ​សង្ឃ សាស្ត្រាចារ្យ បុគ្គលិក និស្សិត និង សិស្សានុសិស្ស ជា​ច្រើន​ផង​ដែរ។ គួរ​បញ្ជាក់​ឡើង​វិញ​ផង​ដែរ ក្នុង​កម្មវិធី​នា​ថ្ងៃ​នោះ​មាន​ប្រធាន​បទ​ចំនួន ៩ ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ មាន​ដូច​ជា៖

  1. សារៈ​សំខាន់​នៃ​សន្តិសុខ​ព័ត៌មាន (ដោយ៖ លោក អ៊ូ-ផាន់ណារិទ្ធិ)
  2. វិគីភីឌា ភាសា​ខ្មែរ (ដោយ៖ ទេព សុវិចិត្រ)
  3. កូដ​បើក​ចំហ ឬ Open Source (ដោយ៖ លោក អ៊ូច-សារ៉ាត់)
  4. ការ​ដំឡើង WordPress ឯកជន (ដោយ៖ លោក ឡាវ-សុភ័ក្ត្រ និង​លោក ធលធឿន-ចាន់​សុវណ្ណ)
  5. ការ​រចនា និង​បង្កើត​​យូនីកូដ​ខ្មែរ (ដោយ៖ ទេព សុវិចិត្រ)
  6. ប្រព័ន្ធ​ប្រតិបត្តិការ (ដោយ៖ លោក សេង-សុភ័ក្ត្រ)
  7. កម្មវិធី ជា​ភាសា​ខ្មែរ (ដោយ៖ លោក អេង-វណ្ណៈ)
  8. កម្មសិទ្ធិ​បញ្ញា​កម្មវិធី​កុំព្យូទ័រ (ដោយ៖ លោក ដេវិត-យ៉ាម៉ា)
  9. ប្រព័ន្ធ​ប្រតិបត្តិការ Android (ដោយ៖ លោក សួន-សីហាពណ្ណរាយ)

ព្រឹត្តិការណ៍​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​រៀប​ចំ​ដោយ ក្រុម​ចែក​គ្នា​និយាយ​អាយធី ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​មាន​គោល​បំណង​ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​បច្ចេកវិទ្យា ទៅ​កាន់​មនុស្ស​គ្រប់ៗគ្នា ព្រម​ទាំង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ ក្នុង​វិស័យ​នេះ​កាន់​តែ​រីក​ចម្រើន​ផង​ដែរ។

រូប​ភាព​មួយ​ចំនួន

ក្នុង​នាម​យើង​ខ្ញុំ ដែល​ជា​សមាជិក​គណៈ​រៀប​ចំ​កម្មវិធី សូម​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ទាំង​អស់​គ្នា ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​ក៏​សូម​អរគុណ​ចំពោះ​ចិត្ត​ដ៏​ល្អ​នៃ​សប្បុរសជន​នានា ដែល​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ ឲ្យ​មាន​ដំណើរ​ការ​កាន់​តែ​រលូន​ទៅ​មុខ។ យើង​ខ្ញុំ សូម​ជូន​ពរ​ឲ្យ​អស់​លោក លោក​ស្រី អ្នក​នាងកញ្ញា ទាំង​អស់​ទទួល​បាន​នូវ​សេចក្ដី​សុខ និង​ជួប​តែ​សំណាង​ល្អ​គ្រប់​ពេល​វេលា។ ជួប​គ្នា​នៅ​ឱកាស​ក្រោយ​ទៀត។

អត្ថបទ​ទាក់​ទង​នឹង​កម្មវិធី​នេះ៖

  1. Sabay
  2. កូន​ខ្មែរ​អស្ចារ្យ