ដើម្បី​បង្កើត​គេហទំព័រ​មួយ តើ​ចាំ​បាច់​ត្រូវ​ដឹង​អំពី​អ្វី​ខ្លះ?

សួស្ដី​ប្រិយ​មិត្ត​គេហទំព័រ IT4Ug.net ។ តើ​សុខ​សប្បាយ​ដែរ​ឬទេ? គេហទំព័រ​នេះ​មិន​សូវ​មាន​ការ​ផ្សាយ​អត្ថបទ​ញឹក​ញាប់​ដូច​មុន​ទេ តាម​តែ​អ្នក​ដឹង​រួច​មក​ហើយ ក៏​ព្រោះ​តែ​យើង​ខ្ញុំ​រវល់​ជាមួយ​កិច្ច​ការ​ផ្ទាល់​ខ្លួន និង​កិច្ច​ការ​សិក្សា​ផង​ដែរ។ ដូច្នេះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អត្ថបទ​មួយ ជូន​ដល់​អ្នក​ទាំង​អស់​គ្នា ដែល​មាន​បំណង​ចង់​រៀន​។ អត្ថបទ​នេះ ខ្ញុំ​សរសេរ​ឡើង​តាម​គំនិត និង​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​រួច​មក​ហើយ ដូច្នេះ​ប្រសិន​បើ​មាន​ចំណុច​ខ្វះខាត​ត្រង់​ណា សូម​មេត្តា​អភ័យទោស និង​ជួយ​កែ​តម្រូវ​ផង។

ជា​ទូទៅ​ហើយ អ្នក​ប្រើ​អ៊ីនធឺណិត​ទាំង​អស់​សុទ្ធ​សឹង​តែ​បាន​ស្គាល់​ថា អ្វី​ទៅ​គឺ​ជា​គេហទំព័រ។ គេហទំព័រ ប្រៀប​បាន​ទៅ​នឹង​ផ្ទះ, ការិយាល័យ​ព័ត៌មាន, ទី​ផ្សារ, ក្រុម​ហ៊ុន ។ល។ រី​ឯ​ការ​បង្កើត​គេហទំព័រ​នេះ​ទៀត​សោត ត្រូវ​បាន​ស្ថាបនិក​ជ្រើស​រើស​មធ្យោបាយ​ស្ថាបនា​តាម​តែ​ពួក​គេ​ចង់​បាន ដូច​ជា​ការ​ប្រើ​ប្រាស់ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​អត្ថបទ () , ការ​សរសេរ​កូដ​ផ្ដើម​ពី​បន្ទាត់​ទី១ ហើយ​ពេល​ខ្លះ​ក៏​មាន​ការ​បង្កើត​ដោយ​ប្រើ​ប្រាស់​ត្រឹម​តែ​រូប​ភាព​ដែរ។

ក៏​ប៉ុន្តែ​ដើម្បី​ចូល​ទៅ​ដល់​ការ​បង្កើត​គេហទំព័រ​មួយ​បាន​យ៉ាង​ល្អ យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សិក្សា​តាម​ដំណាក់​កាល។ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​តាំង​ពី​ចំណុច​ដំបូង រហូត​ដល់​ចំណុច​កម្រិត​ខ្ពស់។ ដូច្នេះ​តើ​ចំណុច​ដំបូង​បំផុត ដែល​យើង​គួរ​ដឹង​នោះ​ជា​អ្វី​ដែរ​ទៅ?

១. ប្រភេទ​នៃ​គេហទំព័រ និង​ផ្នែក​បង្កើត​គេហទំព័រ

គេហទំព័រ​មាន​ពីរ​ប្រភេទ​ធំៗ​គឺ

  • គេហទំព័រ Static
  • គេហទំព័រ Dynamic

អាន​បន្ថែម​នៅ​ទីនេះ

រីឯ​ផ្នែក​បង្កើត​គេហទំព័រ ជា​ទូទៅ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​បន្ថែម​ទៀត​គឺ៖

  • អ្នក​រចនា​គេហទំព័រ (Web Designer) , មាន​តួនាទី​ក្នុង​ការ​រចនា​គេហទំព័រ និង​បង្កើត​ជា​គេហទំព័រ​ធម្មតា​មួយ ជាមួយ​នឹង​កូដ និង (ពេល​ខ្លះ​ក៏​មាន Javascript) ដែល​គេ​ហៅ​ថា​ជា “គេហទំព័រ Static”។
  • ស្ថាបនិក​គេហទំព័រ (Web Developer), មាន​តួនាទី​ក្នុង​ការ​យក​គេហទំព័រ​ដែល​បាន​បង្កើត​ដោយ អ្នក​រចនា​គេហទំព័រ ដើម្បី​មក​ធ្វើ​ជា​គេហទំព័រ​ដែល​មាន​ភាព​បត់បែន និង​ជា​ប្រភេទ​”គេហទំព័រ Dynamic” ។

២. HTML (HyperText Markup Language)

កូដ HTML មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​គេហទំព័រ ព្រោះ​កូដ​មួយ​ប្រភេទ​នេះ​ប្រៀប​បាន​ទៅ​នឹង​ផ្ទះ ដែល​យើង​ទើប​តែ​សាង​សង់​រួច តែ​មិន​ទាន់​បាន​លាប​ពណ៌ និង​តុប​តែង​រួច។ ចំណែក​ឯ​ន័យ​មួយ​ទៀត​គឺ ការ​សិក្សា HTML ប្រៀប​បាន​ទៅ​នឹង​ការ​រៀន​រៀប​ចំ​ប្លង់​ផ្ទះ ព្រោះ​យើង​ចាំ​បាច់​ត្រូវ​ចេះ​រៀប​ចំ​ផ្នែកៗ​នៃ​ទំព័រ​របស់​យើង។ ដូច​គ្នា​នេះ​ដែរ ពេល​ដែល​យើង​សរសេរ​ត្រឹម​តែ​កូដ HTML សុទ្ធ​នោះ យើង​នឹង​ទទួល​បាន​តែ​អក្សរ​ដែល​យើង​សរសេរ​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ការ​តុប​តែង​រូប ពណ៌ និង​រូប​ផ្ទៃ​ក្រោយ​ណា​មួយ​ឡើយ។

បច្ចុប្បន្ន​នេះ HTML បាន​ផ្សាយ​ចេញ​កំណែ​ទី ៥ របស់​ខ្លួន ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​កំណែ​ចាស់ៗ​ទៅ​ទៀត។ ប្រសិន​បើ​យើង​ច្បាស់​ក្នុង​ការ​សរសេរ​កូដ HTML នោះ​ការ​បង្កើត​គេហទំព័រ​របស់​យើង​ពិត​ជា​ភាព​ល្អ​ខ្លាំង​ណាស់។ សមត្ថភាព​ពិសេស​មួយ​ទៀត​នៃ គឺ​យើង​អាច​យក​វា​ទៅ​សរសេរ​ជា​កម្មវិធី​វែប ដោយ​បូក​ផ្សំ​ជាមួយ​នឹង​កូដ​ផ្សេងៗ​ទៀត។

៣. CSS (Cascading Style Sheets)

តាម​ការ​បក​ស្រាយ​នៅ​ក្នុង​ផ្នែក HTML ខ្ញុំ​បាន​សរសេរ​ថា HTML ប្រៀប​បាន​ទៅ​នឹង​ផ្ទះ​ដែល​សង់​រួច តែ​ពុំ​ទាន់​មាន​ការ​លាប​ពណ៌ និង​ការ​តុប​តែង​ផ្សេងៗ។ ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​មាន​ការ​តុប​តែង យើង​ត្រូវ​ប្រើ​កូដ​ម្យ៉ាង​ទៀត​ដែល​មាន​ឈ្មោះ​ថា CSS ។ CSS ក៏​មាន​តួនាទី​សំខាន់​ណាស់​ដែរ​ក្នុង​ការ​បង្កើត​គេហទំព័រ គឺ​យើង​ស្ទើរ​តែ​មិន​អាច​ចោល​វា​បាន។ CSS នេះ​អាច​ធ្វើ​ការ​រៀប​ចំ​ទំហំ​ផ្នែក​និមួយៗ​នៃ​គេហទំព័រ, អាច​ចាក់​ពណ៌​ទៅ​ក្នុង​ផ្នែក​ណា​មួយ, កំណត់​គម្លាត, ទំហំ, ដាក់​រូប​ភាព និង​ផ្សេងៗ​ទៀត។

បច្ចុប្បន្ន​នេះ​ដែរ CSS ក៏​បាន​ផ្សាយ​ចេញ​កំណែ​ថ្មី​របស់​ខ្លួន​ផង​ដែរ គឺ​កំណែ​ទី 3 ដែល​មាន​សមត្ថភាព​កាន់​តែ​អស្ចារ្យ​ក្នុង​ការ​រចនា​គេហទំព័រ ដូច​ជា​ការ​ធ្វើ​ឲ្យ​រូប​មួយ​មាន​ចលនា, ការ​រចនា​ផ្នែក​មួយ​ចំនួន​នៃ​គេហទំព័រ ដោយ​ពុំ​ចាំ​បាច់​ត្រូវ​ការ​រូប​មក​ជា​ជំនួយ​ដូច​មុន​ទេ។

៤. រចនា​រូប​រាង​គេហទំព័រ

ម្យ៉ាង​វិញ​ទៀត អ្នក​ក៏​ត្រូវ​មាន​ជំនាញ​ខ្លះៗ​ផង​ដែរ ក្នុង​ការ​រចនា​រូបរាង​គេហទំព័រ។ អ្នក​ចាំ​បាច់​ត្រូវ​ចេះ​ប្រើ​កម្មវិធី​រចនា​រូប​មួយ​ចំនួន មាន​ដូច​ជា៖ Gimp ឬ ឬ Inkscape ។ល។ ព្រោះ​ការ​រចនា​ទាំង​នេះ នាំ​ឲ្យ​អ្នក​អាច​បង្កើត​គេហទំព័រ​បាន​ងាយ​ស្រួល ដោយ​សារ​អ្នក​បាន​បង្កើត​នូវ​រូបរាង​សម្រាប់​មើល​រួច​ទៅ​ហើយ។

៥.

បន្ទាប់​ពី​ការ​សិក្សា​ចេះ​នូវ​កូដ​ទាំង​ពីរ​ប្រភេទ​ខាង​លើ​ហើយ ចំណុច​បន្ទាប់​ដែល​យើង​ត្រូវ​សិក្សា​គឺ JavaScript ។ JavaScript ជា​កូដ​មួយ​បែប​ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​រៀប​ចំ​គេហទំព័រ​យើង​ឲ្យ​មាន​ភាព​ល្អ​បន្ថែម​ទៀត ដូច​ជា​ធ្វើ​ចលនា​លើ​ផ្នែក​ណា​មួយ, ការ​ធ្វើ​ឈុត​រូបភាព (slideshow), ហើយ​ម្យ៉ាង​ទៀត​យើង​ក៏​អាច​ប្រើ JavaScript ដើម្បី​សរសេរ​កម្មវិធី​វែប​ដែរ គឺ​យើង​អាច​ប្រើ​វា​បូក​ផ្សំ​ជាមួយ​នឹង HTML 5។

JavaScript មាន​លក្ខណៈ​ស្មុគស្មាញ​ជាង HTML និង CSS ។ ព្រោះ JavaScript មាន​បែប​ផែន​នៃ​ការ​សរសេរ​កូដ​ដូច​ទៅ​នឹង​កូដ​កម្មវិធី​កុំព្យូទ័រ​ផង​ដែរ គ្រាន់​តែ​គេ​ប្រើ JavaScript សម្រាប់​វែប។

៦. , , Apache …

នេះ​គឺ​ជា​ចំណុច​កម្រិត​ខ្ពស់ ហើយ​ក៏​ជា​កម្រិត​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ទៅ​ជា​ស្ថាបនិក​គេហទំព័រ។ ព្រោះ PHP និង MySQL គឺ​ជា​មុខ​វិជ្ជា​សម្រាប់​បង្កើត គេហទំព័រ Dynamic។ សូម​អាន​អត្ថបទ​លម្អិត នៅ​ទីនេះ

៧. phpMyAdmin

phpMyAdmin គឺ​ជា​កម្មវិធី​វែប​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង មូលដ្ឋាន​ទិន្នន័យ (database) នៃ​គេហទំព័រ​និមួយៗ។ ហើយ​កម្មវិធី​មួយ​នេះ ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ព្រោះ​វា​មាន​ភាព​ទូលំទូលាយ, អាច​ប្រើ​បាន​មិន​គិត​ប្រាក់ …

៨. ការ​ប្រើ​ប្រាស់ CMS

នៅ​ពេល​ដែល​អ្នក​ចេះ​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​ហើយ ពេល​នោះ​អ្នក​នឹង​អាច​ធ្វើ​ការ​ជាមួយ CMS ។ CMS គឺ​ជា​កម្មវិធី​វែប​មួយ ដែល​ត្រូវ​បាន​គេ​បង្កើត​មក​ស្រាប់ៗ ដោយ​យើង​គ្រាន់​តែ​យក​វា​ទៅ​ប្រើ​ប្រាស់ និង​កែ​ច្នៃ​បន្តិច​បន្តួច យើង​នឹង​អាច​បង្កើត​គេហទំព័រ​ជាមួយ​វា​បាន​ហើយ។ ហើយ​យើង​ក៏​មិន​ចាំ​បាច់​ត្រូវ​សរសេរ​កូដ​តាំង​ពី​ទំព័រ​ទី១ មក​ដែរ។ សូម​អាន​ទីនេះ សម្រាប់​ព័ត៌មាន​លម្អិត

ចំណុច​ផ្សេងៗ​ទៀត

ក្រៅ​អំពី​ចំណុច​ទាំង​ឡាយ​នៅ​ផ្នែក​ខាង​លើ ខ្ញុំ​ចង់​ប្រាប់​អំពី​គន្លឹះ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​គេហទំព័រ​ដែល​យើង​បង្កើត ដើរ​បាន​លឿន និង​មិន​មាន​ភាព​រញ៉េរញ៉ៃ។

  1. មើល​គំរូ​គេហទំព័រ​នានា ដែល​មាន​ភាព​ល្បី​ល្បាញ ឬ​ក៏ មើល​គំរូ​សំបក​គេហទំព័រ​ដែល​គេ​ដាក់​ឲ្យ​ទាញ​យក​ទៅ​មើល​ដោយ​សេរី
  2. ការ​រៀប​ចំ​ចំនួន​រូប​ភាព ដែល​ត្រូវ​ប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​គេហទំព័រ និង​ប្រភេទ​រូប​ភាព​ដែល​ត្រូវ​ប្រើ​ប្រាស់ (និយាយ​ត្រឹម​តែ​សំបក​គេហទំព័រ​ប៉ុណ្ណោះ)
  3. ការ​រៀប​ចំ​ប្លង់​ទំព័រ​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ មិន​ស្មុគស្មាញ និង​ទូលាយ​ងាយ​ស្រួល​មើល

តើ​អ្នក​សម្រេច​ចិត្ត​ហើយ​ឬនៅ?

តើ​អ្នក​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ហើយ​ឬ​នៅ​ថា នឹង​ជ្រើស​រើស​យក​ផ្នែក​ណា​មួយ? ជា​អ្នក​រចនា​គេហទំព័រ ឬ​ក៏​ជា ស្ថាបនិក​គេហទំព័រ?

ជា​ចុង​ក្រោយ ខ្ញុំ​សូម​ជូន​ពរ​ដល់​អ្នក​ដែល​ចង់​សិក្សា និង​កំពុង​ចាប់​ផ្ដើម​សិក្សា​ការ​បង្កើត​គេហទំព័រ​នេះ ឲ្យ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​លើ​ផ្នែក​នេះ។ ប្រសិន​បើ​អ្នក​មាន​ចម្ងល់​បន្ថែម​ទៀត សូម​ដាក់​មតិ​នៅ​ខាង​ក្រោម​អត្ថបទ​នេះ ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​តាម​តែ​សមត្ថភាព​ដែល​ខ្ញុំ​មាន។ ម្យ៉ាង​ទៀត​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​អត្ថបទ​នេះ សូម​អ្នក​ដាក់​មតិ​នៅ​ក្រោម​អត្ថបទ​នេះ​ក៏​បាន​ដែរ។

អរគុណ​សម្រាប់​ការ​គាំទ្រ​គេហទំព័រ IT4Ug.net

រីករាយ​ថ្ងៃ​ចុង​សប្ដាហ៍ 🙂