ទីក្រុងឆ្លាតនៃប្រព័ន្ធប្រតិបត្តិការ

ឆាប់ៗនេះ​ ទីក្រុង​ធំទំនើប​ទាំងឡាយ​នឹង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​​ដែល អាច​មើល​ថែរក្សា​ការ​រស់នៅ​ប្រជាជន​បាន​ដោយ​ខ្លួនឯង ។ ប្រព័ន្ធ​ប្រតិបត្តិការ​ទីក្រុង​ដែល​មាន​ឈ្មោះ​ថា Urban OS ត្រូវ​បាន​គេ​ផ្ដល់​មុខងារ​ពិសេស​ដែល​មាន​បង្កប់​នៅក្នុង​អាគារ និង​ទីកន្លែង​នានា​ដើម្បីពិនិត្យ និង​ប្រមួល​ព័ត៌មាន​ផ្សេងៗ​​ដើម្បី​តាមដាន​រាល់​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ ទីក្រុង ។

ប្រព័ន្ធ​នេះ​ក៏​មាន​តួនាទី​មិន​ខុស​គ្នា​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ ម៉ាស៊ីន​កុំព្យូទ័រ​ប៉ុន្មាន​ដែរ ។ អ្វី​ដែល​សំខាន់​គឺ​វា​មាន​សមត្ថភាព​ថែរក្សា​អាគារ ចរាចរណ៍​តាម​ដង​វិថី និង​សេវាកម្ម​ដទៃ​ទៀត​ឱ្យ​ដំណើរការ​បាន​រលូន ។

នៅពេល​មាន​ហេតុការណ៍​អគ្គិភ័យ​កើតឡើង​នៅ​ក្នុង​តំបន់​ណាមួយ ប្រព័ន្ធ​ប្រតិបត្តិការ Urban OS នឹង​ត្រួត​ពិនិត្យ​បញ្ជា​ទៅលើ​​​ប្រព័ន្ធ​ភ្លើង​ចរាចរណ៍​ដើម្បី​អនុញ្ញាតិ ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​អាច​ធ្វើ​ដំណើរ​ជួយ​សង្គ្រោះ​បាន​ឆាប់​រហ័ស ។

យោង​តាម​ក្រុម​អ្នកអភិវឌ្ឍន៍​កម្មវិធី​មកពី​ក្រុមហ៊ុន Living PlanIT  ប្រព័ន្ធ​ប្រតិបត្តិការទំនើប​នេះ​នឹង​អាច​ជួយ​សម្រាល​បន្ទុក​មួយ​ចំនួន​ធំ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដទៃ​ទៀត​ដូចជា​ផ្នែក​ទូរគមនាគមន៍ ទំនាក់ទំនង សុខាភិបាល ការ​ប្រើប្រាស់​ថាមពល ការ​គ្រប់គ្រង​ទឹក និង​ធាតុ​អាកាស​នៅក្នុង​ទីក្រុង ។

លោក Lewis ប្រធាន​ក្រុមហ៊ុន Living PlanIT បាន​បញ្ជាក់​ថា ប្រព័ន្ធ​ប្រតិបត្តិការ ​Urban OS ប្រៀប​បាន​ទៅនឹង​បណ្ដាញ​សរសៃ​ខួរក្បាល​ដែល​ធ្វើការ​បែកចែក​តួនាទី​គ្រប់គ្រង ​ព័ត៌មាន​ទៅ​តាម​សរីរាង្គ​ផ្សេងៗ​ពេញ​មួយ​តួ​ខ្លួន​របស់​មនុស្ស ហើយ​ចំពោះ​ទីក្រុង វា​គឺ​ជា​បណ្ដាញ​ប្រមូល​ព័ត៌មាន​ពី​អាគារ ដង​វិថី ទីផ្សារ និង​ទីកន្លែង​ដទៃ​ទៀត ។

បច្ចុប្បន្ន បច្ចេកវិជ្ជា​ដ៏​អស្ចារ្យ​នេះ​កំពុង​ត្រូវបាន​​ក្រុម​អ្នក​អភិវឌ្ឍន៍​យក​ទៅ​ ធ្វើការ​សាកល្បង​នៅក្នុង​ប្រទេស​ព័រទុយហ្កាល់ ហើយ​វា​ត្រូវ​គេ​រំពឹង​ទុក​ថានឹងអាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ កាត់​បន្ថយ​ចំណាយ​ខ្ជះ​ខ្ជាយ ការ​លើក​កម្ពស់​របៀប​រស់នៅ ​និង​ជាពិសេស​គឺ​ការ​បន្ថែម​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​សុវត្ថិភាព​ នៅក្នុង​ទីក្រុង​ជាដើម ៕

អត្ថបទ​នេះ​សរសេរ​ដោយ៖ ម៉ម បញ្ញា