ព្រឹត្តិការណ៍ កម្ពុជា​បើក​ទូលាយ ក្នុ​ង​ថ្ងៃ​ទី២

ដោយ​ហេតុ​មមា​ញឹក​ក្នុង​ការ​ងារ ទើប​ខ្ញុំ​មិន​បាន​សរសេរ​អត្ថបទ​បាន​ញឹកញាប់ និង​ទាន់​ពេល​វេលា

# នៅ​ក្នុង​ថ្ងៃ​ទី២​នេះ ក៏​មិន​ខុស​អំពី​ថ្ងៃ​ទី១ប៉ុន្មាន​ដែរ ដូច​ជា​មាន​ការ​ធ្វើ​បទ​បង្ហាញ​ជា​ក្រុមៗ​ជាដើម។ តែ​មុន​នឹង​ចប់​កម្មវិធី​នោះ គេ​ក៏​មាន​ការ​ថត​រូប​ជា​ក្រុម​ផង​ដែរ ព្រម​ទាំង​រៀប​ចំ​ក្រុម​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ណា​មួយ​ឲ្យ​មាន​សកម្មភាព និង​បន្ត​ផ្ដល់​ជា​សេចក្ដី​រាយការណ៍​ទៅ​កាន់​ក្រុម OpenCambodia រៀង​រាល់​ពេល​ធ្វើការ​ប្រជុំ​ក្រុម​តូចៗ ក្រោយ​ពី​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់។ ក្រុម​តូចៗ ដែល​នឹង​ត្រូវ​ប្រជុំ​នៅ​ថ្ងៃ​ក្រោយ​កម្មវិធី​នេះ (តាម​ខ្ញុំ​ចាំ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដ្បិត​មិន​បាន​កត់​ទុក) មាន​ដូច​ជា៖ ការ​សរសេរ​សារ​ជា​អក្សរ​ខ្មែរ​នៅ​លើ​ទូរស័ព្ទ (Khmer SMS), ការ​ធ្វើ​ការ​បក​ប្រែ​កម្មវិធី (Localization) ជាដើម ដែល​នឹង​ត្រូវ​ធ្វើ​ការ​ប្រជុំ​នៅ​សប្ដាហ៍​ខុសៗ​ពី​គ្នា។

កាល​បរិច្ឆេទ​ប្រជុំ​ក្រុម​ទាំង​ពីរ​នេះ

ដោយ​ហេតុ​តែ​ខ្ញុំ​បាន​កត់​ត្រា​ទុក​តែ​ពីរ​ក្រុម​នេះ​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​សុំ​បង្ហាញ​នូវ​កាល​បរិច្ឆេទ​ប្រជុំ​នៃ​ក្រុម​ទាំង​ពីរ ដូច​ត​ទៅនេះ៖

ការ​សរសេរ​សារ​ជា​អក្សរ​ខ្មែរ​នៅ​លើ​ទូរស័ព្ទ

ការ​ប្រជុំ​ក្រុម​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី០៩ ខែ​តុលា ឆ្នាំ​២០១១ វេលា​ម៉ោង ៣រសៀល នៅ​ឯ វិទ្យាស្ថាន​បើក​ទូលាយ។

ការ​ធ្វើ​ការ​បក​ប្រែ​កម្មវិធី

ការ​ប្រជុំ​ក្រុម​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី០២ ខែ​តុលា ឆ្នាំ​២០១១ វេលា​ម៉ោង ៣រសៀល នៅ​ឯ HackerSpace។

ល្បែង​ថ្មី​ដែល​ខ្ញុំ​បាន​ស្គាល់

ក្រៅ​ពីនេះ​ខ្ញុំ​ក៏​បាន​ស្គាល់នូវ​ល្បែង​មួយ ដែលមាន​ឈ្មោះ​ថា Speed Geeking។ ល្បែង​នេះ​គឺ​គេ​រៀប​តុ​តូច​ខ្ពស់​ចំនួន១០ (ឬ​អាច​ច្រើន​ជាង​នេះ តាម​ចំនួន​មនុស្ស​អ្នក​ចូលរួម) ហើយ​ក្នុង​តុ​និមួយៗ​មាន​អ្នក​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធាន​បទ​ផ្សេងៗ​ពីគ្នា។ បន្ទាប់​មក​ទៀត​គេ​នឹង​ចង្អុល​អ្នក​ចូលរួម​ហើយ​ប្រាប់​លេខ​តុ ដែល​ពួក​គេ​នឹង​ត្រូវ​ចូល​ទៅ​ស្ដាប់។ ក្នុង​តុ១ មាន​រយៈ​ពេល​និយាយ​៤នាទី ហើយ​៤នាទី​នេះ​សម្រាប់​១ក្រុម ពេល​ចប់​ក្រុម​មួយ​ហើយ ក្រុម​នោះ​ត្រូវ​ដើរ​ទៅ​តុ​មួយ​ទៀត ហើយ​ស្ដាប់​ប្រធាន​បទ​ថ្មី ដែល​មាន​រយៈ​ពេល​៤នាទី​ដែរ គេ​ធ្វើ​បែប​នេះ​រហូត​ពេល​ដើរ​គ្រប់​តុ (១ជុំ)។ ឧទាហរណ៍៖ ខ្ញុំ​ឈរ​ស្ដាប់​ក្នុង​តុ​លេខ ១, មិត្ត​ខ្ញុំ​ឈរ​ស្ដាប់​ក្នុង​តុ​លេខ២, ពេល​ខ្ញុំ​និង​មិត្ត​ខ្ញុំ​ស្ដាប់​គ្រប់​៤នាទី​ហើយ ខ្ញុំ​ត្រូវ​ដើរ​ទៅ​តុ​លេខ២​ដើម្បី​ស្ដាប់​ប្រធាន​បទ​ថ្មី ហើយ​មិត្ត​ខ្ញុំ​ត្រូវ​ដើរ​ទៅ​តុ​លេខ៣ ដើម្បី​ស្ដាប់​ប្រធាន​បទ​ថ្មី។ ល្បែង​មួយ​នេះ ខ្ញុំ​មិន​ធ្លាប់​ជួប​ពីមុន​មក​ទេ តែ​ជា​ល្បែង​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​រៀប​ចំ​ពាក្យ​និយាយ ឲ្យ​ងាយ​ស្រួល​យល់ លឿន ​សម្រាប់​អ្នក​ស្ដាប់​យើង។

រូបថត​ជា​ក្រុម [ដោយ៖ Zuzana Sadkova, Sam Sophal]

បើ​អ្នក​ចង់មើល​រូប​បន្ថែម​ក្នុង​ថ្ងៃ​ទីពីរ​នៃ​ព្រឹត្តិការណ៍​នេះ សូម​ចូល​ទៅ​កាន់៖https://picasaweb.google.com/pouncingfossa/OpenCambodia2011?authuser=0&feat=directlink [ដោយ៖ Faine E Greenwood]