OpenShot កម្មវិធី​កែ​សម្រួល​វីដេអូ​ដ៏​ល្អ​មួយ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Linux

គឺ​ជា​កម្មវិធី​កែ​សម្រួល​ (Video Editor) ដែល​មាន​ប្រជា​ប្រិយ​ភាព​មួយ​នៅ​ក្នុង​ចំណោម​កម្មវិធី​កូដ​បើក​ទូលាយ​នានា។ កម្មវិធី​នេះ​ត្រូវ​បានចាប់​ផ្ដើម​បង្កើត​ឡើង​ក្នុងខែ​សីហា ឆ្នាំ​២០០៨ ដំបូង​ឡើង​គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​លោក Jonathan Thomas តែ​ម្នាក់​ប៉ុណ្ណោះ។ លោក Jonathan Thomas ជា​អ្នក​ជំនាញ​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ និង​កម្មវិធី​វ៉ិប មាន​បទ​ពិសសោធន៍ ១៤ឆ្នាំ​ជាង​មក​ហើយ ។កម្មវិធី​នេះ​​ត្រូវ​បាន​សរសេរ​ក្នុង​ភាសា Python ដោយ​ប្រើ​រូបរាង GTK និង​ប្រើ​បណ្ដុំកូដ (Framework) មួយ​ឈ្មោះ​ថា MLT។ [អាន​ប្រវត្តិ​នៃ​ការ​កកើត​កម្មវិធី​នេះ​បន្ថែម​ទៀត]

លក្ខណៈ​ពិសេស

  • កម្មវិធី OpenShot ស្គាល់ប្រភេទវីដេអូ, សម្លេង និង រូប​ភាព​ជា​ច្រើន ដែល​អ្នក​អាច​ធ្វើ​ការ​នាំ​ចូល​ឯកសារ​ទាំង​នោះ​ទៅ​ក្នុង OpenShot បាន។
  • មាន​ដាក់​ចំណង​ជើង ៣D
  • អាច​ធ្វើ​ការ​កាត់, តម្រឹម, ផ្ដិត, ប្ដូរ​ទំហំ ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​វីដេអូ, សម្លេង និង​រូបភាព
  • អ្នក​អាច​ធ្វើ​ការ​បន្ថែម​ចលនា​លើ​វីដេអូ ឬ រូប​ភាព​របស់​អ្នក​បាន ជាមួយ​នឹង​ចលនា​ជា​ច្រើន
  • ច្របាច់​សម្លេង​បញ្ចូល​គ្នា ឬ​ក៏ កែ​ប្រែ​សម្លេង
  • ផ្លាស់​ប្ដូរ​ចលនា​ដើរ​នៃ​វីដេអូ
  • និង​លក្ខណៈ​ពីសេស​ជា​ច្រើន​ទៀត [វិគីភីឌា​អង់គ្លេស]

ម្យ៉ាង​វិញ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុម​ស្ថាបនិក​បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​កំណែ ១.៤ Beta ១ ដែល​មាន​បន្ថែម​ចលនា​ថ្មីៗ​ចូល​ថែម​ទៀត។ ដូច្នេះ​បើ​អ្នក​ចង់​សាក​ល្បង​ប្រើ​កម្មវិធី​មួយ​នេះ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ សូម​វាយ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ ទៅ​ក្នុង Terminal។

sudo apt-add-repository ppa:openshot.developers/daily

sudo apt-get update

sudo apt-get install openshot