ទស្សនៈ​ខ្ញុំ៖ យើង​មាន​របស់​ផ្ទាល់​ខ្លួន​ហើយ ម្ដេច​មិន​នាំ​គ្នា​ប្រើ?

អត្ថបទ​នេះ​ត្រូវ​បាន​ផ្សាយ​ដំបូង​ក្នុង​ប្លក់​របស់​ខ្ញុំ

ជា​ដំបូង​ខ្ញុំ​សុំ​ឲ្យ​អ្នក​អាន​ទាំង​អស់ មេត្តា​អធ្យាស្រ័យ​ចំពោះ​ទស្សនៈ​របស់​ខ្ញុំ បើ​សិន​មាន​ការ​ឆ្គាំ​ឆ្គង​ត្រង់​ណា​មួយ សូម​មេត្តា​ជួយ​រិះគន់​ដើម្បី​ឲ្យ​ខ្ញុំ​បាទ​បាន​ស្ថាបនា។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សុំ​បញ្ចេញ​មតិ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដោយ​មិន​រិះគន់​តិះដៀន​ទៅ​ខាង​ណា​ឡើយ គឺ​ខ្ញុំ​សុំ​ផ្ដោត​ចម្បង​លើ​ការ​ប្រើ​ប្រាស់​​លើ​កុំព្យូទ័រ​និង​ទូរស័ព្ទ ជា​ពិសេស​គឺ​ការ​សរសេរ​អក្សរ​អង់គ្លេស​ជា​សំនៀង​ខ្មែរ។ ខាង​ក្រោម​នេះ​ខ្ញុំ​សុំ​ចាប់​ផ្ដើម​បញ្ចេញ​ទស្សនៈ និង​រៀប​រាប់​ប្រវត្តិ​នៃ​​ត្រួសៗ។

យូនីកូដ​ខ្មែរ​បាន​ចាប់​កំណើត​មក​តាំង​ពី​ឆ្នាំ ១៩៩៩ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដំបូង​ដោយ​ក្រុម Open Forum កាល​ពី​ឆ្នាំ ២០០៤ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ កាល​ពី​ឆ្នាំ ២០១០។ រដ្ឋាភិបាល​ក៏​បាន​ចេញ​ប្រកាស​ផ្សាយ​អំពី យូនីកូដ​ខ្មែរ​នេះ ឲ្យ​ប្រើ​បាន​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​វិស័យ​បច្ចេក​ព័ត៌មានវិទ្យា (IT) ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​ជាង​១១ឆ្នាំ ដើម្បី​ទទួល​ស្គាល់​ (យូនីកូដ​ខ្មែរ) ជា​ផ្លូវ​ការ ទោះ​ជា​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​សប្បាយ​រីករាយ​ដែរ ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ប្រព័ន្ធ​អក្សរ​យូនីកូដមួយ​នេះ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។ ក្រៅ​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ព្រោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ភាសា​ជាតិ ភាសា​កំណើត គឺ​ភាសា​ខ្មែរ ហើយ​ក៏​ជា​ភាសា​ចម្បង​នៅ​ក្នុង​ទឹក​ដី​ដែល​យើង​រាល់​គ្នា​កំពុង​ឈរនៅ​លើ។

ខ្ញុំ​សុំ​បើក​រង្វង់​ក្រចក​បង្ហាញ​ពី​គោល​គំនិត និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បុព្វ​បុរស​ខ្មែរ​ទាំង​ឡាយ។ កាល​ពី​មុន​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ក្នុង​វិស័យ​បោះ​ពុម្ព មាន​ការ​ពិបាក​ណាស់។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​កន្លង​មក ជំនាន់​មុននោះ គឺ​គេ​ប្រើ​លីណូ​ទីប និង​ម៉ូណូទីប ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​ម្ដង​មួយ​សន្លឹកៗ។ ហើយ​ក្រោយ​មក​ទើប​ចាប់កំណើត​មាន​អង្គុលីលេខ។ ខ្ញុំ​សុំ​លើក​យក​រឿង អង្គុលីលេខ មក​បង្ហាញ​បន្តិច។ អក្សរ​ខ្មែរ​ក្នុង​អង្គុលីលេខ​ដំបូង​ឡើង មិន​មែន​ដូច​អក្សរ​ដែល​យើង​សរសេរ​បច្ចុប្បន្ន​ឡើយ គឺ​កាល​ហ្នុង​គេ​បាន​កែ​ច្នៃ​អក្សរ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​វាយ​នៅ​ក្នុង​អង្គុលីលេខ​ដើម ហើយ​បន្ត​មក​ទៀត​ទើប​មាន​លោក កេង វ៉ាន់​សាក់ បាន​កែ​ច្នៃ​អង្គុលីលេខ​នោះ ឲ្យ​មាន​ការ​វាយ​អក្សរ​ខ្មែរ​ត្រូវ​តួ​គ្រប់​វិញ។ ដូច្នេះ​យើង​ឃើញ​ថា បុព្វ​បុរស​យើង​បាន​នាំ​គ្នា​ស្វាធ្យាយ​ប្រឹង​ប្រែង​យ៉ាង​ណា ឲ្យ​អក្សរ​ខ្មែរ​ដែល​ជា​អត្តសញ្ញាណ​ដ៏​ធំ​អស្ចារ្យ​មួយ​នៃ​ជាតិ​ខ្មែរ​យើង​នេះ មាន​ដំណើរ​ការ​បាន​ល្អ និង​ងាយ​ស្រួល​អាន។

ឥឡូវ​សុំ​បក​មក​និយាយ​ត្រឹម​រឿង​ដែល​ខ្ញុំ​ចង់​ផ្ដោត​នេះ​វិញ។ ទោះ​បី​យូនីកូដ​ខ្មែរ​ទើប​តែ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​ក៏ពិត​មែន ​ប៉ុន្តែ​វា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម Open Forum តាំង​ពី​២០០៤ មក​ម្ល៉េះ។ ហើយ​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ មក​ក៏​ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​ជា​បន្ត​បន្ទាប់។ តាម​ខ្ញុំ​ដឹង យូនីកូដ​ខ្មែរ​មាន​ការ​និយម​ប្រើ​ប្រាស់​ច្រើន ក្នុង​ចន្លោះ​ឆ្នាំ ២០០៧ និង ២០០៨ នេះ។ បន្ទាប់​ពី​ការ​ពេញ​និយម​ប្រើ​ក្នុង​កិច្ច​ការ​ដ្ឋបាល និង​ការិយាល័យ​ហើយ​នោះ តម្រូវ​ការ​ក៏​កើត​មាន​ឡើង​ថ្មី​មួយ​ទៀត គឺ​ចង់​ឲ្យ​មាន​ការ​វាយ​អក្សរ​យូនីកូដ​ខ្មែរ​បាន​ស្រួល​នៅ​ក្នុង ជាដើម។ នៅ​ពេល​នោះ​លោក​ពូ ដាញ់ ហុង ក៏​បាន​សម្រេច​ចិត្ត​បង្កើត​គ្រួសារ​ Kh ដែល​អាច​ប្រើ​បាន​យ៉ាង​ស្រួល​នៅ​លើ តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​អភិវឌ្ឍ​ថ្មីៗ​នៃ​ប្រព័ន្ធ​អក្សរ​យូនីកូដ​ខ្មែរ តែង​មាន​បន្ទាន់​សម័យ​ជា​និច្ច ព្រោះ​បច្ចេកវិទ្យា​ក៏​ចេះ​តែ​កើន​ឡើងជា​ដរាប​ដែរ។ ហើយ​នា​ពេល​ថ្មីៗ​នេះ តាម​ការ​សម្ភាស​របស់​វិទ្យុ​អូស្ត្រាលី​ខេមរភាសា ជាមួយ​នឹង​លោក ដាញ់ ហុង , គាត់​បាន​លើក​បញ្ជាក់​ថា គាត់កំពុង​តែង​បង្កើត​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ ដែល​ប្រើ​បច្ចេកវិទ្យា UFO (Unified Font Object) មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Android 3.1+ , iPhone 4G និង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន​ដូច​ជា Mac OS និង Linux។

ដូច្នេះ​សរុប​មក​កុំ​ថា​តែ​បុព្វបុរស​ខ្មែរ​សម័យ​មុន​ដែល​ខិត​ខំ​នោះ សម័យ​នេះ​ក៏​មាន​អ្នក​ខិត​ខំ​ដែរ ព្រោះ​យើង​ជា​ជន​ជាតិ​ខ្មែរ ហើយ​រាល់​ថ្ងៃ​យើង​តែង​ប្រើ​ភាសា​ខ្មែរ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ដូច្នេះ​ការ​ដែល​យើង​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​មាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​បែប​នេះ ពិត​ជា​មុខ​មាត់​ដ៏​មហិមា​មួយ​របស់​ជាតិ​ខ្មែរ​ទាំង​មូល។ ដោយ​សារ​តែ​មាន​យូនីកូដ​ខ្មែរ​បែប​នេះ​ហើយ ទើប​បាន​ជា​អ្នក​ដែល​មាន​ចំណេះ​ផ្នែក​បច្ចេក​ព័ត៌មានវិទ្យា (IT) ទាំង​ឡាយ​បាន​ព្យាយាម​បង្កើត​ពុម្ព​អក្សរ ព្រម​ទាំង​កែ​ច្នៃឲ្យ​យូនីកូដ​ខ្មែរ​ដើរ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​មួយ​ចំនួន​ដូច​ជា iOS, Android, Symbian S40 ជាដើម។ ម្យ៉ាង​ទៀត​យើង​ក៏​សប្បាយ​រីករាយ​ដែរ ដែល​ក្រុម​ហ៊ុន Microsoft បាន​ដាក់​បញ្ចូល​ប្រព័ន្ធ​អក្សរ​ខ្មែរ​យូនីកូដ​ផ្ទាល់​នៅ​ក្នុង Windows 7 ឡើង​ទៅ ក៏​ប៉ុន្តែ​ពុម្ព​អក្សរ និង​ក្ដារ​ចុច​ដែល Microsoft បាន​ដាក់​បញ្ចូល​នោះ មិន​មែន​ជា​ក្ដារ​ចុច​ដែល​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ ធ្លាប់​ប្រើ​ឡើយ ដូច្នេះ​ទោះ​បី​ជា​មាន​បញ្ចូល​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​ត្រូវ​ដំឡើង​ពី​ក្រៅ​បន្ថែម​ទៀត​ដដែល។

ខាង​លើ​នេះ​ជា​ប្រវត្តិ និង​ការ​វិវឌ្ឍ​ដក​ស្រង់​ខ្លះៗ​ដែល​ខ្ញុំ​ធ្លាប់​បាន​ដឹង​ឮ។ ដូច្នេះ​ពេល​នេះ​ខ្ញុំ​សុំ​បើក​ឆាក​ចូល​ដល់​សាច់​រឿង​របស់​យើង​តែ​ម្ដង ពី​ការ​សរសេរ​អក្សរ​អង់គ្លេស​ជា​សំនៀង​ភាសា​ខ្មែរ។ យើង​ឃើញ​ថា​នៅ​ក្នុង​បណ្ដាញ​សង្គម ដែល​ជា​សង្គម​បណ្ដាញ​មួយ​ដ៏​ធំ​នៅ​ក្នុង​ពិភព​លោក​នេះ មាន​អ្នក​ចូលរួម​ប្រើ​ប្រាស់​រាប់​ពាន់​លាន​អ្នក។ ក្នុង​នោះ​ប្រជាជន​ខ្មែរ​ក៏​មាន​ច្រើន​ដែរ។ ចុះ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​ពួក​គាត់ តើ​ពួក​គាត់​សរសេរ​ជា​អក្សរ​ខ្មែរ ឬ​ប្រើ​ភាសា​អង់គ្លេស​សុទ្ធ ឬ​ក៏​ប្រើ​អក្សរ​អង់គ្លេស​ជា​សំនៀង​ភាសា​ខ្មែរ? តើ​អ្នក​ប្រើ​អក្សរ​ខ្មែរ​មាន​ប៉ុន្មាន​នាក់? ទាំង​នេះ​សុទ្ធ​តែ​សំនួរ​ដែល​យើង​ចង់​បាន​ចម្លើយ​ណាស់។ ខ្ញុំ​មិន​ទាន់​បាន​ដឹង​ពី​ស្ថិតិ​នៃ​អ្នក​ប្រើ​យូនីកូដ​ខ្មែរ នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា មាន​ប៉ុន្មាន​នាក់​ឡើយ។ តើ​មាន​អ្នក​ណា​ដឹង​ទេ?

ខ្ញុំ​បាន​ឃើញ​មាន​បង​ប្អូន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ធំ គាត់​និយម​ប្រើ​អក្សរ​អង់គ្លេស​ជា​សំនៀង​ភាសា​ខ្មែរ នៅ​ពេល​គាត់​សរសេរ​សារ​តប​លេង​ជាមួយ​នឹង​មិត្ត នៅ​ក្នុង​បណ្ដាញ​សង្គម Facebook ជា​ដើម។ ការ​សរសេរ​បែប​នោះ ពិត​ជា​ទទួល​បាន​ការ​ពេញ​និយម​ណាស់។ តែ​តើ​អ្នក​ដឹង​ទេ ថា​ការ​សរសេរ​បែប​នេះ ផ្ដល់​ផល​វិបាក​យ៉ាង​ណា​ខ្លះ​ដល់​ភាសា​ខ្មែរ​យើង? ហើយ​តើ​មូល​ហេតុ​ដូច​ម្ដេច ដែល​ជា​ហេតុ​បង្ខំ​ឲ្យ​ពួក​គាត់​សរសេរ​បែប​នេះ?

  • ១. អាច​មក​ពី​ពួក​គាត់ ប្រើ​ប្រាស់​តាម​ទូរស័ព្ទ​នានា ដែល​ពុំ​មាន​យូនីកូដ​ខ្មែ​រទាល់​តែ​សោះ។
  • ២. អាច​មក​ពី​ពួក​គាត់ មាន​អារម្មណ៍​ថា​ខ្ជិល​វាយ ព្រោះ​ខ្លួន​វាយ​មិន​សូវ​ស្ទាត់។
  • ៣. អាច​មក​ពី​ពួក​គាត់ មិន​ទាន់​ស្គាល់​ថា​អ្វី​ទៅ​ជា​យូនីកូដ​ខ្មែរ?
  • ៤. អាច​មក​ពី​ពួកគាត់ ស្គាល់​ហើយ​តែ​មិន​ដឹង​ប្រើ​យ៉ាង​ម៉េច?

ចំពោះ​ចំណុច​ទាំង​បួន​ខាង​លើ​នេះ ជា​កត្តា​ចម្បង​ដែល​ខ្ញុំ​គិត​ជា​ហេតុ​​បង្ខំ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ។ ក្នុង​ចំណុច​ទាំង​បួន​ខាង​លើ​នេះ ខ្ញុំ​ក៏​មាន​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដែរ។

-ចំពោះ​ចំណុច​ទី១៖ ទូរស័ព្ទ​មួយ​ចំនួន​ពិត​ជា​មិន​មាន​យូនីកូដ​ខ្មែរ​ទាល់​តែ​សោះ​មែន ហើយ​នេះ​ជា​បញ្ហា​មួយ​ដែល​ពិបាក​ដោះ​ស្រាយ ព្រោះ​យុវវជន​ខ្មែរ​បច្ចុប្បន្ន​នេះ ពិត​ជា​ពេញ​និយម​ការ​ប្រើ​ប្រាស់​អ៊ីនធ័រណិត​តាម​រយៈ​ទូរស័ព្ទ​នេះ។ មាន​តែ​ទូរស័ព្ទ​សេរី​ថ្មីៗ​ប៉ុណ្ណោះ ដែល​អាច​មាន​សមត្ថភាព​ក្នុង​ការ​អាន​អក្សរ​យូនីកូដ​ខ្មែរ។

-ចំពោះ​ចំណុច​ទី២៖ ខ្ញុំ​ធ្លាប់​បាន​ជជែកលេង​ជាមួយ​មនុស្ស​មួយ​ចំនួន ពេល​ខ្ញុំ​វាយ​ជា​អក្សរ​ខ្មែរ​ទៅ គាត់​អាច​អាន​បាន ក៏​ប៉ុន្តែ​គាត់​បាន​តប​មក​វិញជា​ភាសា​អង់គ្លេស​សុទ្ធ ហើយ​ជួន​ណា​ក៏​បាន​តប​មក​វិញ​នូវ​អក្សរ​អង់គ្លេស​ជា​សំនៀង​ភាសាខ្មែរ។ ខ្ញុំ​បាន​សួរ​គាត់​ថា ម៉េច​ក៏មិន​វាយ​ជា​អក្សរ​ខ្មែរ​ទៅ បើ​អ្នក​អាច​អាន​បាន​ហ្នឹង? គាត់​ក៏​តប​មក​ថា គាត់ខ្ជិល ហើយ​និង​វាយ​មិន​សូវ​លឿន។ ខ្ញុំ​ក៏​បាន​ចោទ​ជា​សំនួរ​មួយ​ទៅ​គាត់​វិញ​ថា តើ​កាល​ដែល​អ្នក​វាយ​អក្សរ​អង់គ្លេស​ដំបូង តើ​អ្នក​វាយ​លឿន​ណាស់​ឬ? ស្រាប់​តែ​ពេល​នោះ​គាត់​ក៏​យល់​ពី​គំនិត​របស់​ខ្ញុំ ហើយ​បាន​ផ្លាស់​មក​វាយ​ជា​អក្សរ​ខ្មែរ​ភ្លាម។ ខ្ញុំ​មិន​ដែល​គិត​ថា​វាយ​យឺត ឬ លឿន​ជា​រឿង​ធំ​ដុំ​ឡើយ រឿង​សំខាន់​គឺ តើ​យើង​ចេះ​វាយ និង​វាយ​ចេញ​ដែរ​ឬទេ? យើង​ត្រូវ​តែ​រៀន​ហ្វឹកហាត់​វាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​នឹង​ស្ទាត់​ជំនាញ​ដោយ​មិន​ខ្លួន​ផង​ពេល​ខ្លះ។ ដូច្នេះ​សូម​កុំ​ខ្លាច​រអារ​ថា វាយ​យឺត​អ្វី​ឡើយ ត្រូវ​តែ​តាំង​ចិត្ត​ឡើង។

-ចំពោះ​ចំណុច​ទី៣៖ មែន​ហើយ! ចំណុច​នេះ​ក៏​ជា​ចំណុច​សំខាន់​ដែរ។ ខ្ញុំ​គិត​ថា​មក​ដល់​ឆ្នាំ​នេះ​ហើយ យូនីកូដ​ខ្មែរ​ប្រហែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ​ហើយ។ ខ្ញុំ​ក៏​គិត​ដូច្នោះ​ដែរ កាល​ពី​ខ្ញុំ​ទៅ​បណ្ណាគារ​មួយ​កាល​ពី​ថ្ងៃ​មុន ខ្ញុំ​បាន​ឮ​អ្នក​ធ្វើ​ការ​នៅ​ទីនោះ មាន​បញ្ហា​យូនីកូដ​ខ្មែរ ហើយ​ខំ​ឲ្យ​ធ្វើ​ការ​ជាមួយ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។ ហើយ​ម្យ៉ាង​ទៀត​កាល​ពី​ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​១០ ក្នុង​កម្មវិធី​សិក្សា​បាន​ដាក់​បញ្ចូល​នូវ​ម៉ោង​ថ្មី​មួយ​ទៀត គឺ​ម៉ោង​កុំព្យូទ័រ ដែល​កាល​ណោះ គ្រូ​កុំព្យូទ័រ​ខ្ញុំ​ក៏​បាន​បង្ហាត់​និង​បង្ហាញ​អំពី​យូនីកូដ​ខ្មែរ ព្រម​ទាំង​កម្មវិធី​ការិយាល័យ​ជា​ភាសា​ខ្មែរ () ថែម​ទៀត​ផង។ ការ​បង្រៀន​នោះ បាន​ធ្វើឲ្យ​មិត្ត​របស់​ខ្ញុំ​មួយ​ចំនួន​យល់​ពី​យូនីកូដ​ខ្មែរ ហើយ​ពួក​គេ​ក៏​បាន​រៀន​ទំនាក់​ទំនង​គ្នា​ដោយ​ប្រើ​អក្សរ​ខ្មែរ​ថែម​ទៀត។ ទោះ​បី​ជា​មាន​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​​ទៀត​មិន​ទាន់​ស្គាល់​ថា អ្វី​ទៅ​ជា​យូនីកូដ​នោះ​សោះ​ឡើយ។

-ចំពោះ​ចំណុច​ទី៤៖ ស្គាល់​ហើយ តែ​មិន​ដឹង​ប្រើ​យ៉ាង​ម៉េច? មែន​ហើយ! ចំពោះ​រឿង​នេះ​ខ្ញុំ​ក៏​ធ្លាប់​ជួប​ដែរ។ មាន​បងស្រី​ម្នាក់ កាល​ពី​ខ្ញុំ​ស្គាល់​គាត់​ដំបូង​ខ្ញុំ​បាន​សាក​ល្បង​វាយ​ជា​អក្សរ​ខ្មែរ​ទៅ​គាត់ (ក្នុង Facebook) ហើយ​ខ្ញុំ​គិត​ថា​គាត់​មិន​អាច​អាន​បាន​ទេ ខ្ញុំ​ក៏​កែ​ទៅ​ជា​អង់គ្លេស​វិញ តែ​ខ្ញុំ​ទទួល​បាន​នូវ​ពាក្យ​ដ៏​ល្អ​របស់​គាត់​ថា “ចូរ​ប្អូន​សរសេរ​ជា​អក្សរ​ខ្មែរ​ទៀត​ចុះ បង​ពេញ​ចិត្ត​ណាស់។” (កាល​ហ្នុង​គាត់​សរសេរ​ជា​ភាសា​អង់គ្លេស)។ ដោយ​សារ​តែ​ឃើញ​ថា​គាត់​ស្រលាញ់​អក្សរ​ខ្មែរ ខ្ញុំ​បាន​ជជែក​ជាមួយ​គាត់​មួយ​ល្ងាច និង​បង្រៀន​ឲ្យ​គាត់​ចេះ​ប្រើ។ ស្រាប់​តែ​ស្អែក​ឡើង គាត់អាច​សរសេរ​អក្សរ​ខ្មែរ​បាន​យ៉ាង​ល្អ ហើយ​បាន​ទំនាក់​ទំនង​ជាមួយ​ខ្ញុំ​យ៉ាង​ងាយ​ស្រួល​ដែរ។ គាត់​ថា កាល​យប់​នោះ​គាត់​មិន​បាន​ដេក​ពួន​ទេ គឺ​គាត់​​ខំ​រៀន​វាយ​ឲ្យ​ចេះ។ នៅ​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​និង​គាត់​នៅ​តែ​មាន​ទំនាក់​ទំនង​គ្នា​បាន​យ៉ាង​ល្អ ជា​មួយ​ការ​សរសេរ​ភាសា​ខ្មែរ។

ដូច្នេះ​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ តាម​ទស្សនៈ​របស់​ខ្ញុំ​គឺ​ជា​ចំណុច​ចម្បង​ក្នុង​ការ​បង្ខំ​ឲ្យ​ពួក​គាត់​ប្រើ​ភាសា​អង់គ្លេស​សុទ្ធ និង អក្សរ​អង់គ្លេស​ជា​សំនៀង​ភាសា​ខ្មែរ។ ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​ជា​ចំណុច​ទី២។

«ហេតុ​អ្វី​អ្នក​អាច​អាន​អក្សរ​ខ្មែរយូនីកូដ​បាន​ហើយ ម្ដេច​ក៏​មិន​ព្រម​សរសេរ​ជា​អក្សរ​ខ្មែរ​ផង? តើ​អ្នក​គិត​ថា​ការ​ប្រើ​ប្រាស់​ភាសា​និង​អក្សរ​បរទេស នាំ​មក​នូវ​ភាព​ឡូយ​ឆាយ​ដល់ខ្លួន​អ្នក​មែន​ទេ? ខ្ញុំ​សង្ឃឹម​ថា​អ្នក​អាច​ប្រើ​ភាសាឬ​អក្សរ ខ្មែរ​និង​បរទេស តាម​កាលៈទេសៈ​ដែល​អ្នក​គិត​ថា​ស័ក្ដិ​សម។»

«ចូរ​នាំ​គ្នា​លើក​តម្កើង​ភាសា​និង​អក្សរ​ជាតិ​ខ្មែរ​យើង ព្រោះ​ភាសា​និង​អក្សរ​ជាតិនេះ​ហើយ គឺ​ជា​អត្តសញ្ញាណ​ដ៏​ធំ​ដើម្បី​ផ្ដល់​ជា​អំណះអំណាង​ថា យើង​ខ្ញុំ​ជា​កូន​ខ្មែរ កើត​ក្នុង​ទឹក​ដី​ខ្មែរ មាន​ឈាម​ជា​ខ្មែរ។»

ជា​ចុងក្រោយ ក្នុង​នាម​ខ្ញុំ​ដែល​ជា​កូន​ខ្មែរ​កើត​មក​ស្ថិត​នៅ​លើ​ទឹក​ដី​ខ្មែរ​នេះ ខ្ញុំ​ចង់​សំនូម​ពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួយ​គិត​គូរ​ដល់​ភាសា​និង​អក្សរ​ជាតិ​ខ្មែរ​យើង​ផង។ រាល់​ថ្ងៃ​យើង​មិន​មែន​ប្រើ​ភាសា​បរទេស​ក្នុង​ការ​សិក្សា​នៅ​ឯ​សាលា​រដ្ឋ​ឡើយ។ ហើយ​ចូរ​យើង​ក្រឡេក​មើល​ទៅ​អតីតកាល​ផង ពី​ពេល​ដែល​ក្រុម​ខេមរយានកម្ម​បាន​ផ្លាស់​ប្ដូរ​សង្គម​ខ្មែរ​ទាំង​មូល​ក្នុង​វិស័យ​អប់​រំ​ជា​ភាសា​បារាំង មក​ជា​ភាសា​ខ្មែរ។ អតីតកាល​ជា​គ្រឹះ​នៃ​បច្ចុប្បន្ន​កាល និង​អនាគត​កាល។ ចូរ​យើង​ជា​កូន​ខ្មែរ​ទាំង​អស់​គ្នា នាំ​គ្នា​ខិត​ខំ​ស្វាធ្យាយ​ជួយ​អភិវឌ្ឍ​ភាសា​និង​អក្សរ​ខ្មែរ​យើង​ឲ្យ​បាន​រីក​ចម្រើន ដូច​មហា​ប្រទេស​នៅ​លើ​ពិភព​លោក។

អក្សរ​រលត់​ជាតិ​រលាយ អក្សរ​ពណ្ណរាយ​ជាតិ​ថ្កើង​ថ្កាន។

ភ្នំពេញ ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១ វេលា​ម៉ោង ១:០៨នាទី​យប់។