ព្រឹត្តិការណ៍ កម្ពុជាបើក​ទូលាយ ក្នុង​ថ្ងៃ​ទី១

នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ (Open Cambodia) ដែល​បាន​​ឧបត្ថម្ភដោយ Mozilla និង Aspiration Technology។ កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​ចំនួន ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទិ១៦ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ ឆ្នាំ​២០១១។ ពេល​នេះ​ខ្ញុំ​នឹង​រៀប​រាប់​ត្រួសៗ​អំពី​សកម្មភាព​ព្រឹត្តិការណ៍ ដែល​ខ្ញុំ​បានចូលរួម។ តើ​ព្រឹត្តិការណ៍​នេះ ផ្ដោតសំខាន់​លើ​អ្វីដែរ? កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដោត​ធំ​លើ​ប្រព័ន្ធ​កូដ​ ឬ បើក​ចំហ ដែល​ជា​ភាសា​អង់គ្លេស​គឺ Open Source។ ក្នុង​ចំណុច​នេះ​យើង​អាច​លើក​ឡើង​អំពី​បញ្ហា​អំពី ការ​ធ្វើ​ប្លក់, ការ​សរសេរ​កម្មវិធី, និង​ប្រធានបទ​នានា​ទៀត​ដែល​ភាគ​ច្រើន​ទាក់​ទង​នឹង​បច្ចេក​ព័ត៌មានវិទ្យា (IT)។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូល​អាន​ នៅទីនេះ

ដំណើរ​ការ​កម្មវិធី

ខ្ញុំ​គិត​ថា​កម្មវិធី​មួយ​នេះ​ពិត​ជា​ល្អ​ណាស់ ព្រោះ​ទិដ្ឋភាព​កម្មវិធីនេះ​មាន​ភាព​លក្ខណៈ​ទំនាក់​ទំនង​សង្គម​ដែលធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​មនុស្ស​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពីមុន​មក។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ថា​កម្មវិធី​នេះ​មាន​លក្ខណៈ​ទំនាក់​ទំនង​សង្គម? ក្នុង​កម្មវិធី​នេះ ត្រូវ​បាន​រៀប​ចំ​ឲ្យ​​អង្គុយ​ក្បែរ​អ្នក​ដែល​យើង​មិន​ធ្លាប់​​ស្គាល់, ហើយ​ម្យ៉ាង​ទៀត​មាន​ម៉ោង​មួយ​នោះ គឺ​គេ​ចាត់​ជា​ក្រុម ពី​លេខ១ ដល់​លេខ ១៣ ហើយ​គេ​នឹង​ចង្អុល​ថា​យើង​នឹង​ត្រូវ​នៅ​ក្នុង​ក្រុម​មួយ​ណា ដូច្នេះ​យើង​មិន​បាន​នៅ​ជាមួយ​មិត្ត​ភ័ក្ត្រ​យើង​ឡើយ ហើយ​នៅ​ពេល​នោះ​ហើយ ដែល​បាន​ចាប់​ផ្ដើម​ស្គាល់​មនុស្ស​ថ្មីៗ។ ក្នុង​ការ​ចាប់​ជា​ក្រុម​នេះ គឺ​យើង​ចូលរួម​ផ្ដល់​ជា​សំនួរ​នៃ​យើង​ម្នាក់ៗ ហើយ​មេ​ក្រុម​និមួយៗ​នឹង​យក​សំនួរ​ទៅ​បិទ​ភ្ជាប់​លើ​ក្ដារ​ខៀន បន្ទាប់​មក​ទៀត​គឺ​គេ​នឹង​ឲ្យ​យើង​ជួយ​រក​មើល​ថា តើសំនួរ​នៅ​ក្រុម​ណា​ខ្លះ​ដែល​ដូច​គ្នា? ដូច្នេះ​គេ​នឹង​យកសំនួរ​ដែល​ដូចៗ​គ្នា ដាក់​ផ្ដុំ​ជាមួយ​គ្នា ហើយចាប់​ជា​ក្រុម​ម្ដង​ទៀត ដែល​និយាយ​តែ​អំពី​ប្រធាន​បទ​នោះ​សុទ្ធ ហើយ​បើ​យើង​ពេញ​ចិត្ត​ប្រធាន​បទ​ណា យើង​ចូល​ស្ដាប់​បាន។

នៅ​ពេល​បន្ទាប់​មក​ទៀត គេ​នឹង​ចាប់​ជា​ក្រុម​ថ្មី ដែល​ផ្ដោត​លើ​ប្រធាន​បទ​សំខាន់​ៗ​បន្ថែម​ពីលើ​ទៀត។ ខ្ញុំ​ត្រូវ​បាន​អ្នក​រៀប​ចំ ចាត់​ខ្ញុំ​ជា​អ្នក​ធ្វើ​បទ​បង្ហាញ​អំពី WordPress ជាមួយ​នឹង​លោក​ម្នាក់​ឈ្មោះ Robert ដែល​បាន​ប្រើ WordPress ជិត​៤ឆ្នាំ​ហើយ។ ហើយ​មាន​ប្រធាន​បទ​សំខាន់ៗ​ជា​ច្រើន​ទៀត​ដូច​ជា៖ ពាក្យ​បញ្ជា​ក្នុង Linux, សន្តិសុខ និង​សុវត្ថិភាព​ថែរក្សា​ទិន្នន័យ​ផ្ទាល់​ខ្លួន, ការ​ដំឡើង Add-On លើ , ការ​ធ្វើ​ការ​បក​ប្រែ​កម្មវិធី​កុំព្យូទ័រ និង​វ៉ិប, ។ល។

ទាំង​នេះ​ជា​ដំណើរ​ប្រព្រឹត្តិនៃ​កម្មវិធីតាំង​ពី​ពេល​ព្រឹក រហូត​មក​ដល់​ពេល​ល្ងាច​ម៉ោង៥។

ក្នុង​កម្មវិធី​នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​បន្ថែម​ទៀត ហើយ​បាន​ស្គាល់មនុស្ស​ដែល​មិន​ធ្លាប់​បាន​ស្គាល់​ពីមុន​មក ហើយ​ពួក​គាត់​ពិត​ជា​ជិត​ស្និទ្ធិ​ណាស់។ ដូច្នេះ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ចូលរួម​នៅ​កាល​ពី​ព្រឹក​មិញ និង​ថ្ងៃ​មិញ ហើយ​នៅ​មាន​ថ្ងៃ​ស្អែក​មួយ​ទៀត ដែល​ជា​ថ្ងៃ​បញ្ចប់។ ខ្ញុំ​នឹង​សរសេរ​អត្ថបទ​អំពី​កម្មវិធី​នេះ​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក ព្រោះ​របៀប​វារៈ​នៃ​ថ្ងៃ​និមួយៗ​ខុសៗ​គ្នា។

ចំពោះ​រូប​ភាព​វិញ ឲ្យ​ខ្ញុំ​សូម​ទោស​ផង ព្រោះ​ម៉ាស៊ីន​ថត​ចេះ​តែ​កើត​ទុក្ខ​បុក​ម្នេញ ដូច្នេះ​ថត​បាន​តែ​រូប​មួយ​ពីរប៉ុណ្ណោះ។ តែ​ខ្ញុំ​នឹង​ស្វែង​រក​អ្នក​ដែល​បាន​ថត​បាន​ច្រើន រួច​នឹង​យក​មក​ផ្សាយ​បន្ត​នៅ​ទីនេះ។ សូម​អធ្យាស្រ័យ​ផង! 🙂

បើ​អ្នក​មាន​ចម្ងល់​បន្ថែម​ទៀត​អំពី​កម្មវិធី​នេះ បើ​ខ្ញុំ​ដឹង​ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់ ព្រោះ​ខ្ញុំ​គិត​ថា​ការ​រៀប​រាប់​ខាង​លើ​នេះ​មិន​ជា​ក្បោះ​ក្បាយ​ប៉ុន្មាន​ឡើយ។

ពេលចាត់រៀបចំសំនួរបង្កើតប្រធានបទ

ពេលចាត់រៀបចំសំនួរបង្កើតប្រធានបទ

ពេលចាត់រៀបចំសំនួរបង្កើតប្រធានបទ