លក្ខណៈ​ពិសេស​ថ្មីៗ​នៃ Explorer ក្នុង Windows 8 ដែល​អ្នក​គួរ​ដឹង

Microsoft បាន​ផ្សាយ​អត្ថបទ​ស្ដី​អំពី Explorer នៅ​ក្នុង 8 យ៉ាង​លម្អិតថា នៅ​ក្នុង​ជំនាន់​ថ្មី​នៃ Explorer នោះ​នឹង​ត្រូវ​ប្រើ​រូបរាង​ថ្មី​មួយ​គឺ Ribbon ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ផ្ទាំង​ចម្រៀក (ជា​ការ​ច្រៀក​កាត់​ផ្ទាំង​ដាច់ៗ​ពី​គ្នា)។ រូបរាង​បែប​នេះ អ្នក​ធ្លាប់​បាន​ឃើញ​មក​ហើយ​នៅ​ក្នុង Microsoft Office Words ពី​ជំនាន់ ២០០៧ មក​ម្ល៉េះ។ ក្នុង​រូបរាង​ថ្មី​នេះ អ្នក​នឹង​ទទួល​បាន​មុខ​ងារ​ជា​ច្រើន​បន្ថែម​ពី​រូបរាង​ចាស់។

នៅ​ក្នុង​ផ្ទាំង File មាន​សណ្ឋាន​ដូច​ទៅ​នឹង​ផ្ទាំង File របស់ Office ដែរ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ម៉ឺនុយ​នេះ អ្នក​នឹង​ទទួល​បាន​ម៉ឺនុយ​ថ្មី​មួយ​គឺ​ការ​បើក Command Prompt , ពេល​ដែល​អ្នក​ចុច​លើ​ម៉ឺនុយ​នោះ មាន​ន័យ​ថា​អ្នក​អ្នក​ដំណើរ​ការ CMD នៅ​ក្នុង​ទីតាំង​ដែល​អ្នក​កំពុង​ស្ថិត​នៅ​ជា អ្នក​ប្រើ​ធម្មតា ឬ ជា​អ្នក​គ្រប់​គ្រង។

ចំណែក​នៅ​ក្នុង​ផ្ទាំង Home (ផ្ទាំង​ដំបូង) នេះ​វិញ​មាន​ផ្ទុក​ទៅ​ដល់​ឧបករណ៍​សំខាន់​ៗ​របស់ Explorer ដូច​ជា៖ កាត់, ចម្លង, បិទ​ភ្ជាប់ (Paste), មើល​លក្ខណៈ​សម្បត្តិ​នៃ​ឯកសារ, លុប, ប្ដូរ​ឈ្មោះ, បង្កើត​ថត​ឯកសារ​ថ្មី, ផ្លាស់​ទី​ឯកសារ ។ល។

ហើយ​នៅ​ក្នុង​ផ្ទាំង Share (ចែក​រំលែក) អាច​ឲ្យ​អ្នក​ធ្វើ​ការ​ផ្ញើ​អ៊ីមែល,​ ខ្ចប់​ឯកសារ​ជា, បោះ​ពុម្ព, ផ្ញើ​ទូរសារ និង​ធ្វើ​ការ​ចែក​រំលែក​ឯកសារ ដោយ​ចុច​តែ​ម្ដង​ប៉ុណ្ណោះ។

នៅ​ក្នុង​ផ្ទាំង View (ទិដ្ឋភាព) ឯណេះ​វិញ មាន​ផ្ទុក​ទៅ​ដោយ​ជម្រើស​ទិដ្ឋភាព​ជា​ច្រើន ដូច​ជា​ការ​លាក់​ឯកសារ, សម្រួល​ដំណើរ​ការ (Refresh), ផ្លាស់​ប្ដូរ​សណ្ឋាន​បង្ហាញ​បញ្ជី​ឯកសារ និង​ជម្រើស​ផ្សេងៗ​ទៀត​ជា​ច្រើន។

នៅ​ក្នុង​ផ្ទាំង​ទិដ្ឋភាព ប៉ែក​ខាង​ឆ្វេង​អ្នក​នឹង​ឃើញ​មាន​ជម្រើស​បី​គឺ Navigation , ការ​មើល​ជា​មុន (Preview) និង​ព័ត៌មាន​លម្អិត (Details)។ ពីមុន​ផ្ទាំង​បង្ហាញ​ព័ត៌មាន​លម្អិត​ស្ថិត​នៅ​​ប៉ែក​ខាង​ក្រោម​នៃ​ផ្ទៃ​កម្មវិធី Explorer (ក្នុង Windows 7 ជាដើម) តែ​នៅ​ពេល​នេះ​គឺ​ស្ថិត​នៅ​ខាង​ស្ដាំ ហើយ​បង្ហាញ​រាល់​ព័ត៌មាន​លម្អិត​នានា​ទាក់​ទង​នឹង​ឯកសារ។

គ្រប់​ជម្រើស​នានា​នៅក្នុង​ផ្ទាំង​និមួយ សុទ្ធ​តែ​មាន​ក្ដារ​ចុច​ផ្លូវ​កាត់ ដែល​អ្នក​អាច​កែ​សម្រួល​បាន​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង។

ម្យ៉ាង​វិញ​ទៀត​បើ​អ្នក​គិត​ថា​ផ្ទាំង​ចម្រៀក (ribbon) ទាំង​នោះ​រញ៉េរញ៉ៃ​ពិបាក​ប្រើ អ្នក​ក៏​អាច​ធ្វើ​ការ​រៀប​ចំ​របស់​ទាំង​ឡាយ​ក្នុង​ផ្ទាំង​ចម្រៀក​និមួយៗ  ឲ្យ​សម​ទៅ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ក៏បាន, អ្នក​អាច​លាក់​រូបរាង​ផ្ទាំង​ចម្រៀក (ribbon) ក៏​បាន​ដែរ ដើម្បី​ឲ្យ​ឃើញ​នៅ​សល់​តែ​របារ​តែ​មួយ​ជួរ មាន​សណ្ឋាន​ប្រហាក់​ប្រហែល​ទៅ​នឹង​រូបរាង​នៃ​ជំនាន់ Explorer ចាស់។

ហើយ​ក៏​មាន​ផ្ទាំង​ផ្សេងៗ​ទៀត​ដែរ ដែល​នឹង​បង្ហាញ​តាម​ពេល​វេលា។

ម្យ៉ាង​ទៀត Explorer នៅ​ក្នុង Windows 8 បាន​ភ្ជាប់​មក​នូវ QAT (Quick Access Toolbar ដែល​ស្ថិត​នៅ​កំពូល​ខាង​ឆ្វេង) អាច​ជួយ​សម្រួល​ដល់​ការ​ងារ​របស់​អ្នក​បាន​មួយ​ចំណែក​ទៀត។ QAT នេះ​ក៏​អាច​កែ​សម្រួល​បាន​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដែរ។

ជា​ចុង​ក្រោយ​គឺ​ជា​ប៊ូតុង​ទៅ​មុខ​ថយ​ក្រោយ និង​ប៊ូតុង Up។

តើ​មិត្ត​អ្នក​អាន មាន​មតិ​យ៉ាង​ណា​ដែរ​ចំពោះ​រូបរាង​ថ្មី​របស់ Explorer ដែល​នឹង​មាន​ភ្ជាប់​មក​ជាមួយ Windows 8? គិត​ថា​ពិបាក​ជាង​មុន ឬ​ក៏​គិត​ថា​ល្អ​ជាង​មុន ឬ​ក៏​ងាយ​ស្រួល​និង​ធ្វើ​ការ​បាន​រហ័ស​ជាង​មុន?

បើ​អ្នក​មើល​វីដេអូ​បង្ហាញ​នោះ​សូម​ចូល​ទៅ​កាន់ ទីនេះ

[ប្រភព​ព័ត៌មាន និង​រូប​ភាព៖ GMS Areana]