ផ្លាស់​ប្ដូរ​ផ្ទាំង​ភ្ជាប់​ចូល Mac OS X 10.7 Lion តាម​រយៈ Loginox

កាល​ពី​លើក​មុន​យើង​ខ្ញុំ​បាន​បង្ហាញ​អ្នក​អំពី​ការ​ផ្លាស់​ប្ដូរ​រូប​ផ្ទៃក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល Windows 7 តាម​រយៈ Registry ហើយ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​នូវ​កម្មវិធី​មួយ​ទៀត​សម្រាប់​ផ្លាស់​ផ្ទាំង​ភ្ជាប់​ចូល (login screen) នៃ X Lion 10.7 ដែល​មាន​ឈ្មោះ​ថា Loginox។ កម្មវិធី​នេះ​ក៏​មិន​មែន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​ឡើយ ហើយ​ថែម​ទាំង​អាច​ប្ដូរ Logo របស់ X Lion បាន​ថែម​ទៀត​ផង។

កម្មវិធី​នេះ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ណាស់ គ្រាន់​តែ​បើក​កម្មវិធី​ឡើង ហើយ​អូស​រូប​ភាព​ទៅ​ដាក់​ក្នុង​ផ្នែក New Login Image ជា​ការ​ស្រេច។ ហើយ​នៅ​ពេល​ដែល​អ្នក​ចុច​កំណត់​ប្រើ​រូប​ថ្មី​នោះ អ្នក​ចាំ​បាច់​ត្រូវ​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​គណនី​គ្រប់​គ្រង ដើម្បី​ឲ្យ​ផ្លាស់​ប្ដូរ​រូប​ដើម​បាន។

ចំណែក​ក្នុង​ផ្ទាំង Login Logo នោះ​សម្រាប់​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូប Logo ដើម​របស់ Apple ទៅ​ជា​រូប​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចូល​ចិត្ត។ ការ​កំណត់​ក៏​មិន​ពិបាក​ដែរ ដូច​តែ​ខាង​លើ​ដែរ គ្រាន់​តែ​ទាញ​យក​មក​ទម្លាក់​ក្នុង​ផ្នែក New Login Logo ហើយ​ចុច​កំណត់ វាយ​ពាក្យ​សម្ងាត់​គណនី​គ្រប់​គ្រង​ជា​ការ​ស្រេច។

សូម​ពិនិត្យ​មើល​បម្លាស់​ប្ដូរ។

ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​អាច​ធ្វើ​ការ​ស្ដារ​យក​មក​វិញ​នូវ​រូបភាព​ដើម ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង Reset to default image ។

កម្មវិធី​នេះ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ​ជំនាន់ ដូច​ជា 10.5 , 10.6 និង 10.7 ។

ទាញ​យក​កម្មវិធី Loginox

[ប្រភព​ព័ត៌មាន៖ Addictive Tips]