Gravatar ជា​អវតារ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជុំ​វិញ​ពិភព​លោក

អវតារ (Avatar) នៅ​ក្នុង​វិស័យ​បច្ចេក​ព័ត៌មាន​វិទ្យា (IT) មាន​ន័យ​ថា ជា​រូប​សម្រាប់​កំណត់​អត្តសញ្ញាណ​របស់​នរណា​ម្នាក់។ តែ​អវតារ​ខ្លះ​មិន​បាន​ដើរ​នៅ​គ្រប់​គេហទំព័រ​ឡើយ ពេល​ខ្លះ​នៅ​ក្នុង​គេហទំព័រ​មួយ​ចំនួន​គឺ​យើង​ប្រើ​រូប​ផ្សេង ហើយ​ពេល​យើង​ទៅ​គេហទំព័រ​មួយ​ទៀត​ស្រាប់​តែ​គេ​ឲ្យ​ដាក់​រូប​ផ្សេង។ តែ​តាម​គំនិត​នៃ​អ្នក​ប្រើ​អ៊ីនធ័រណិត​មួយ​ចំនួន​ធំ គឺ​ចង់​ឲ្យ​មាន​រូប​មួយ ដូចៗ​គ្នា​ទាំង​អស់ ហើយ​បង្ហាញ​គ្រប់​ទី​កន្លែង។ ដូច្នោះ​ហើយ​ទើប​សាជីវកម្ម Automattic បាន​បង្កើត​នូវ​សេវាកម្ម​មួយ​ឈ្មោះ​ថា Gravatar ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ និង​ដំណើរ​ការ​គ្រប់​ទីកន្លែង​ក្នុង​អ៊ីនធ័រណិត​ទូទាំង​ពិភព​លោក។

ក្រាវតារ ឬ Gravatar បាន​ជួយ​សម្រួល​ដល់​អ្នក​ទាំង​អស់​គ្នា ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ខ្លួន​អ្នក ដោយ​ភ្ជាប់​ជា​រូប​ភាព​មួយ​ដែល​ដើរ​តាម​អ៊ីមែល​របស់​អ្នក ហើយ​នឹង​បង្ហាញ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ដាក់​មតិ​នៅ​ក្នុង​គេហទំព័រ​ណា​មួយ ឬ​ក៏​ដាក់​យោបល់​អ្វី​ទៅ​លើ​វេទិកា​វ៉ិប​ណា​មួយ​នោះ ក្រាវតារ​នឹង​បង្ហាញ​អវតារ​របស់​អ្នក នៅ​ក្បែរ​ឈ្មោះ​របស់​អ្នក​ជាក់​ជា​មិន​ខាន។

ឧទាហរណ៍​នៅ​ក្នុង​គេហទំព័រ IT4U នេះ​ស្រាប់, នៅ​ក្រោម​គ្រប់​អត្ថបទ​តែង​មាន​ប្រអប់​ដាក់​មតិ ដូច្នេះ​បើ​អ្នក​មិន​ទាន់​មាន​បាន​កំណត់​រូប​របស់​អ្នក ក្នុង​ក្រាវតារ​ទេ នៅ​ពេល​ដាក់​មតិ​​នោះ​អ្នក​នឹង​ទទួល​បាន​រូប​ស្រមោល​មនុស្ស​ម្នាក់​នៅ​ក្បែរ​ឈ្មោះ​អ្នក (សម្រាប់​ការ​ដាក់​មតិ​តាម អ៊ីមែល)។

ដូច្នេះ​សរុប​មក​វិញ ក្រាវតារ មាន​តួនាទី​បង្ហាញ​រូប​អវតារ​របស់​អ្នក​គ្រប់​ទីកន្លែង ទូទាំង​ពិភព​លោក ហើយ​ដើរ​តាម​អ៊ីមែល​របស់​អ្នក​គ្រប់​ពេល​វេលា។ ដើម្បី​ចូល​ទៅ​បង្កើត​អវតារដែល​ដំណើរ​ការ​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពិភព​លោក​តាម​រយៈ ក្រាវតារ នោះ​សូម​ចូល​ទៅ​កាន់៖ http://gravatar.com/ ។ សូម​បញ្ជាក់​ផង​ដែរ​ថា Automattic បាន​បង្កើត​សេវាកម្ម​ជា​ច្រើន​នៅ​លើ​អ៊ីនធ័រណិត ក្នុង​នោះ​ក៏​មាន​ការ​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា WordPress (.com និង .org) ដែរ។

បើ​អ្នក​ចង់​ដឹង​អំពី​របៀប​បង្កើត​នោះ សូម​ដាក់​មតិ​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង និង​រៀប​ចំ​អត្ថបទ​ជូន​អ្នក​នៅ​ពេល​ខាង​មុខ។

គេហទំព័រ ក្រាវតារ ក៏​ត្រូវ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ​ដែរ។