តើ​ការ​ដំឡើង​កម្មវិធី​ពី​ឯកសារ .deb ក្នុង Ubuntu តាម​រយៈ Terminal និង Software Center មួយ​ណា​ល្អ​ជាង?

នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​នឹង​បញ្ចេញ​ពី​គំនិត​ផ្ទាល់​របស់​ខ្ញុំ ដែល​ធ្លាប់​បាន​ឆ្លង​កាត់ និង​បាន​ប្រើ​ប្រាស់​ជា​យូរ​មក​ហើយ។ នៅ​ក្នុង យើង​អាច​ដំឡើង​ឯកសារ​កម្មវិធី (.deb) បាន​តាម​វិធី​ពីរ​យ៉ាង​ដែល​ល្អ​នោះ​មាន​ដូច​ជា៖

  1. តាម​រយៈ ពាក្យ​បញ្ជា (អ្នក​គ្រប់​គ្រង​កញ្ចប់​កម្មវិធី/package manager, ប្រើ​នៅ​ក្នុង Terminal)
  2. តាម​រយៈ មជ្ឈមណ្ឌល​កម្មវិធី (Software Center)

ភាគ​ច្រើន​យើង​ចូល​ចិត្ត​ដំឡើង​តាម មជ្ឈមណ្ឌល​កម្មវិធី ដោយ​ហេតុ​តែ​ការ​ដំឡើង​នេះ ងាយ​ស្រួល គ្រាន់​តែ​ចុច​បើក​ឯកសារ .deb ហើយ​ចុច​លើ​ប៊ូតុង​ដំឡើង ជា​ការ​ស្រេច។ តែ​អ្នក​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា ពេល​ដែល​បើក​មជ្ឈមណ្ឌល​កម្មវិធី​ម្ដងៗ វា​ត្រូវ​ការ CPU ច្រើន​ដែរ​ដើម្បី​ដំណើរ​ការ​កម្មវិធី។ ចុះ​នៅ​ពេល​យើង​ចុច​ដំឡើង​ឯកសារ​កម្មវិធី​ថែម​ទៀត ដែល​ទាក់​ទង​ទៅ​កាន់​ឯកសារ​ប្រព័ន្ធ នោះ​វា​នឹង​ចាប់​យក CPU មួយ​ជាន់​ថែម​ទៀត។ ដូច្នេះ​អ្នក​ត្រូវ​ការ​ទំហំ CPU ទំនេរ​ច្រើន​ដើម្បី​បើក​មជ្ឈមណ្ឌល និង​ដំឡើង​កម្មវិធី។ បើ​កុំព្យូទ័រ​អ្នក​កំពុង​ប្រើ CPU ចំនួន ៦០% ហើយ​នោះ នៅ​ពេល​ដែល​អ្នក​បើក Software Center ពេល​ខ្លះ CPU របស់​អ្នក​នឹង​ឡើង​ដល់ ១០០% តែ​ម្ដង។

តែ​ចំពោះ​ការ​ដំឡើង​តាម Terminal ឯណោះ​វិញ អ្នក​ត្រូវ​ការ CPU តិច​មិន​ច្រើន​ដូច មជ្ឈមណ្ឌល​កម្មវិធី ឡើយ។ ម្យ៉ាង​ទៀត​អ្នក​មិន​បាច់​រង់​ចាំ​ការ​បើក​កម្មវិធី​យូរ​ដូច Software Center។ ចំណែក​ការ​ដំឡើង​វិញ​ទៀត​នោះ បើ​ប្រព័ន្ធ​របស់​អ្នក​មាន​បញ្ហា អ្នកងាយ​នឹង​ទទួល​បាន​សារ​ប្រាប់​មូល​ហេតុ និង​ដំណោះ​ស្រាយ​ទៀត​ផង នៅ​ពេល​ខ្លះ។ ការ​ដំឡើង​វិញ​ក៏​មាន​សកម្មភាព​លឿន។ តែ​អ្នក​ត្រូវ​ចាំ​ពាក្យ​បញ្ជា​មួយ​ឃ្លា​ប៉ុណ្ណោះ៖

sudo dpkg -i PACKAGE_NAME
  • sudo = ការ​ប្រើ​សិទ្ធិ​ជា​គណនី​មេ (root)
  • dpkg = ជា​ប្រព័ន្ធ​គ្រប់​គ្រង​កញ្ចប់​កម្មវិធី​នៅ​ក្នុង Ubuntu (package manager)
  • -i = ជា​ក្បួន (function) មួយ​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​កញ្ចប់​កម្មវិធី ដែល​មាន​ន័យ​ថា install
  • PACKAGE_NAME = សូម​ជំនួស​ត្រង់​នេះ នូវ​ទីតាំង​កញ្ចប់​កម្មវិធី .deb ដែល​អ្នក​ចង់​ដំឡើង

ឧទាហរណ៍

sudo dpkg -i ~/Desktop/google-chrome.deb

សញ្ញា ~ មាន​ន័យ​ស្មើ​នឹង /usr/USERNAME , ~/Desktop មាន​ន័យ​ស្មើ​នឹង /usr/USERNAME/Desktop

នៅ​ពេ​ល​ដែល​អ្នក​វាយ​បញ្ចូល​ពាក្យ​បញ្ជា​រួច​ហើយ សូម​ចុច Enter នៅ​ពេល​នោះ​ការ​ដំឡើង​នឹង​ចាប់​ផ្ដើម។ សូម​ប្រើ​ពាក្យ​បញ្ជា​នេះ​នៅ​ក្នុង Terminal។

ចុះ​គំនិត​អ្នក​ទាំង​អស់​គ្នា​វិញ តើ​អ្នក​ចូល​ចិត្ត​ដំឡើង​តាម Terminal ឬ​ក៏​តាម មជ្ឈមណ្ឌល​កម្មវិធី? តើ​អ្នក​មាន​ចម្ងល់​មែន​ទេ? បើ​មាន​នោះ អាច​ទម្លាក់​មតិ​នៅ​ខាង​ក្រោម​អត្ថបទ​នេះ ខ្ញូំ​នឹង​ជួយ​បក​ស្រាយ​ពន្យល់​ថែម​ពី​លើ​ទៀត បើ​ខ្ញុំ​អាច​ជួយ​បាន។ 🙂