Magician File កម្មវិធី​រុករក​ឯកសារសម្រាប់ Mac ​មាន​រចនាបថ​ដូច Explorer ក្នុង Windows 7

Magician File គឺ​ជា​កម្មវិធី​រុករក​មួយ​ដែល​អ្នក​អាច​ដំឡើង​ពី​ក្រៅ​បន្ថែម​ទៀត​ទៅ​លើ Mac របស់​អ្នក។ ហើយ​កម្មវិធី​នេះ​មាន​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេស​មួយ​ចំនួន ដែល​មាន​នៅ​លើ Windows Explorer ក្នុង Windows 7 ដែល​នៅ​ក្នុង Mac Finder មិន​មាន​គ្រប់​សោះ​ឡើយ។ លក្ខណៈ​ពិសេស​ដែល Magician File នាំ​មក​នោះ​មាន​ដូច​ជា៖ របារ​អាសយដ្ឋាន​ថត​ឯកសារ, របារ​ព្រួញ​នាំ​ទិស, របារ​ឧបករណ៍​ដែល​មាន​ដូច​ជា​ប៊ូតុង ចម្លង​ឯកសារ ទម្លាក់​ឯកសារ កាត់​ឯកសារ លុប​ឯកសារ ជាដើម, ម្យ៉ាង​ទៀត​គឺ​ការ​ស្វែង​រក​ឯកសារ ដែល​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់។

របារ​អាសយដ្ឋាន​ថត​ឯកសារ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដល់​អ្នក នៅ​ពេល​ដែល​ចង់​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​នានា ដែល​អ្នក​ធ្លាប់​បាន​ទៅ បាន​យ៉ាង​ឆាប់​រហ័ស។

ចំណែក​ការ​ស្វែង​រក​ឯណោះ​វិញ Magician File បាន​ផ្ដល់​ជម្រើស​២​យ៉ាង​ឲ្យ​យើង។ ១​គឺ Quick (លឿន) និង ១ Full (ពេញ​សព្វ​គ្រប់)។ ជម្រើស​ទាំង​ពីរ​នេះ​ខុស​គ្នា​ត្រង់​ថាការ​ស្វែង​រក​លឿន (Quick) អាច​ស្វែងក​រក​រាល់​ឯកសារ​ដែល​នៅ​ក្នុង​ថត​បច្ចុប្បន្ន​ប៉ុណ្ណោះ ចំណែកឯកសារ និង​ថត​ដែល​ស្ថិត​នៅ​ជ្រៅៗ​ទៀត មិន​ត្រុវ​បាន​ស្វែង​រក​ឡើយ។ ចំណែក​ឯ ការ​ស្វែង​រក​ពេញ​សព្វ នោះ​វិញ គឺជា​ការ​ស្វែង​រក​ទាំង​ក្នុង​ថត និង​ឯកសារ​ដែល​ស្ថិត​នៅ​ជ្រៅៗ​ថែម​ទៀត​ផង​ដែរ។

ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​ការ​ស្វែង​រក បាន​បង្ហាញ​លទ្ធផល​មក​ហើយ​នោះ អ្នក​អាច​ធ្វើ​ការ​ច្រោះ​លទ្ធផល​នោះ តាម​តែ​អ្នក​ចង់​ធ្វើ​បាន។ ដូច​ជា​ការ​ច្រោះ​យក​ឈ្មោះ​ណា​មួយ, ការ​ច្រោះ​យក​តាម​ទំហំ​ឯកសារ​ដែល​អ្នក​បាន​កំណត់, ការ​ច្រោះ​យក​តាម​ការ​កំណត់​ពេលវេលា​ជាក់​លាក់​ណា​មួយ។

ដូច្នេះ​យើង​ឃើញ​ថា Magician File ពិត​ជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក​ប្រើ Mac ឲ្យ​ទទួល​បាន​នូវ​កម្មវិធី​មួយ​ដែល​មាន​សមត្ថភាព​រហ័ស ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ឯកសារ​ទៀត​ដែរ។ អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​អាច​ប្រើ​បាន​យ៉ាង​ស្រួល​នៅ​លើ 10.6 ឡើង​ទៅ។ ចំណែក​ឯ​ពណ៌​កម្មវិធី​ទៀត​សោត អ្នក​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ដែរ។

ចុះ​គំនិត​អ្នក​ទាំង​អស់​គ្នា​វិញ គិត​ថា​កម្មវិធី​នេះ​ពិត​ជា​ល្អ​ប្រើ​ដែរ​ឬទេ?

[ប្រភព​ព័ត៌មាន និង រូប​ភាព៖ AddictiveTips]