កម្មវិធី CAD ដែល​ល្អៗ​សម្រាប់ Linux

CAD មក​ពី​ពាក្យ Computer-aided design, កម្មវិធី​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​រចនា​ប្លង់ ដូច​ជា​ប្លង់​ផ្ទះ, ប្លង់​គ្រឿង​ចក្រ អ្វី​ជា​ដើម។ អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា នៅ​ក្នុង Windows មាន​កម្មវិធី​មួយ​ឈ្មោះ Auto CAD ដែល​បាន​បង្កើត​ដោយ​ក្រុម​ហ៊ុន Autodesk។ កម្មវិធី Auto CAD នេះ​មាន​ឈ្មោះ​ល្បី​ល្បាញ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​តាម​ក្រុម​ហ៊ុន​នានា​ជា​ច្រើន ទូទាំង​ពិភព​លោក។ មិន​ថា​តែ Windows ទេ​ដែល​មាន​កម្មវិធី​នេះ ក៏ប៉ុន្តែ​កម្មវិធី​ប្រភេទ​បែប​នេះ ក៏​មាន​នៅ​ក្នុង Linux ដែរ ទោះ​បី​កម្មវិធី​ទាំង​នោះ​មិន​ល្បី​ក៏ដោយ​ក្ដី ក៏​មាន​មុខ​ងារ​គូរ​ប្លង់​ដូច​ទៅ​នឹង Auto CAD ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី CAD ល្អៗ​ដែល​មាន​ប្រើ​នៅ​លើ Linux ក្នុង​នោះ​មាន​ដូច​ជា៖

១. Bricsad

នេះ​ជា​កម្មវិធី CAD ដែល​មាន​សមត្ថភាព​ក្នុង​ការ​គូរ​ប្លង់ 3D និង 2D បាន។ ហើយ​អាច​បើក​ឯកសារ .dwg បាន​ដែរ។ កម្មវិធី​នេះ​អាច​ដំណើរ​ការ​បាន​នៅ​លើ Linux ក៏​ប៉ុន្តែ​មិន​មែន​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ។ កម្មវិធី​នេះ​ចេញ​ដល់​កំណែ 11 ហើយ ហើយ​ក៏​មាន​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន ដើម្បី​បម្រើ​ទៅ​ដល់​អ្នក​ដែល​តែង​តែ​ជាវ​កម្មវិធី​នេះ​យក​ទៅ​ប្រើ។ ម្យ៉ាង​ទៀត​កម្មវិធី​នេះ​ក៏​បាន​ប្រើ​ប្រាស់​នូវ API របស់​កម្មវិធី AutoCAD ដែរ ដូច្នេះ​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​កម្មវិធី​នេះ មាន​ភាព​ស្រដៀង​ទៅ​នឹង AutoCAD។ អ្នក​អាច​ទាញ​យក​យក​មក​សាក​ប្រើ​ចំនួន​៣០​ថ្ងៃ​ក៏បាន ហើយ​ក្នុង​នោះ​អ្នក​អាច​មើល​តារាង​ប្រៀប​ធៀប​តម្លៃ​រវាង​កំណែ (Edition) របស់​កម្មវិធី​នេះ។ គេហទំព័រ​ដើម៖ Bricsys ។

២. QCAD

QCAD គឺ​ជា​កម្មវិធី​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គូរ​​ប្លង់ 2D នានា​ដូច​ជា​សំណង់, គ្រឿង​ចក្រ ជា​ដើម។ QCAD ក៏​ជា​កម្មវិធិ​គិត​ថ្លៃ​ដែរ។ កម្មវិធី​នេះ​អាច​ប្រើ​បាន​នៅ​លើ Windows, និង Linux នានា​ជា​ច្រើន​ទៀត។ អ្នក​អាច​ស្វែង​យល់​បន្ថែម និង ទាញ​យក​សាក​ល្បង​ប្រើ​បាន​នៅ​ឯ គេហទំព័រ​ដើម

៣. FreeCAD

FreeCAD គឺ​ជា​កម្មវិធី​គូរ​ប្លង់ អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ដែល​ពឹង​ផ្អែក​ទៅ​លើ OpenCascade, QT (ជា​អ្នក​ជួយ​ឲ្យ​កម្មវិធី​មួយ​មាន​រូបរាង​ឡើង) និង Python (ជា​ភាសា​កម្មវិធី​កុំព្យូទ័រ និង ភាសា​កម្មវិធី​វ៉ិប)។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន​នៅ​លើ Windows, Mac OS X ព្រម​ទាំង Linux ដែរ។ បើ​ចង់​បាន​រូប​ភាព​​នៃ​កម្មវិធី​ទៀត និង ចង់​ទាញ​យក សូម​ចូល​ទៅ​កាន់ គេហទំព័រ​ផ្ទុក​ឯកសារ​កម្មវិធី

៤. VariCAD

កម្មវិធី​នេះ​មាន​គោល​ដៅ​ច្បាស់​លាស់ គឺ​ផ្នែក​គូរ​ប្លង់​ខាង​ផ្នែក​ម៉ាស៊ីន។ អ្នក​អាច​គូរ​បាន​ជា 2D និង 3D ហើយ​មាន​ឧបករណ៍​ជា​ច្រើន ដែលទាក់​ទង​នឹង​ផ្នែក​ម៉ាស៊ីន។ កម្មវិធី​នេះ​ជា​គឺ​ជា​កម្មវិធី​គិត​ថ្លៃ ហើយ​អាច​ប្រើ​បាន​នៅ​លើ Windows និង Linux។ លោក​អ្នក​អាច​ស្វែង​យល់​បន្ថែម​​អំពី​កម្មវិធី​នេះ​បាន​នៅ លើ​គេហទំព័រ​ដើម

៥. CYCAS

នេះ​ជា​កម្មវិធី 2D និង 3D ដែល​អាច​ប្រើ​បាន​នៅ​លើ Windows និង Linux ហើយ​កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​សម្រាប់​បច្ចេកទេស​ស្ថាបត្យកម្ម។ កម្មវិធី​នេះ​ក៏​គិត​ថ្លៃ​ដែរ។ សូម​ចូល គេហទំព័រ​ដើម ដើម្បី​ធ្វើ​ការ​ទាញ​យក និង​ស្វែង​យល់​បន្ថែម។

៦. DraftSight

DraftSight ជា​កម្មវិធី​គូរ​ប្លង់ 2D ហើយ​ក៏​ល្អ​ប្រើ​ដែរ។ កម្មវិធី​នេះ​អាច​ដាក់​ប្រើ​បាន​នៅ​លើប្រព័ន្ធ Linux មួយ​ចំនួន​ដូច​ជា , Fedora និង SUSE ជា​ដើម។ (កន្លង​មក IT4U ធ្លាប់​បាន​ចុះ​ផ្សាយ​ម្ដង​មក​ហើយ, កម្មវិធីចម្លង​គំរូពី AutoCAD ឈ្មោះ ‘DraftSight’)