តើគួរតែ Root Android ដែរឬទេ?

 អត្ថបទ​នេះ​បាន​ផ្ដល់​ដោយ​លោក៖ សួន សីហា​ពណ្ណារាយ

រូបភាព៖ shahz

មានមនុស្សជាច្រើនតែងតែសួរថា អ្វីទៅជា Root? ហើយវាមានប្រយោជន៍អ្វី​ខ្លះ​? តើ​គេធ្វើ​ហើយ​វា​មាន​ធ្វើឲ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ? តើគេធ្វើ​វាដោយ​របៀប​ណា?

Root ជាដំណើរការ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ មាន​សិទ្ធិ​ចូល​ទៅ​កាន់ Super User ដែល​មាន​​សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ប្រព័ន្ធ។ ជាប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែល​ យក Linux Kernel មក​ប្រើ​ប្រាស់ ដូច​នេះ​ហើយ ស្នូល​នៃ​ប្រព័ន្ធគឺដូចគ្នានឹង Linux ស្ទើរតែទាំងអស់។ ដោយសារវាដំណើរការ​លើ​ទូរស័ព្ទ ដែល hardware មាន​កម្រិត​ដូច​នេះ​ហើយ លក្ខណៈ​ពិសេស​ជា​ច្រើន​ត្រូវ​បាន​ដក​ចេញ ដើម្បី​ឲ្យ​ដំណើរ​ការ​បាន​លឿន។ នៅក្នុង លីនុច ត្រូវ​បាន​បែង​ចែក​​អ្នក​ប្រើ​ប្រាស់ជា​បី​ប្រភេទគឺ Super User (Root), Normal User (User ដែលយើងប្រើសព្វថ្ងៃតែអត់មានសិទ្ធដូច Root) និង Locked User (User ដែលប្រើសំរាប់ដំណើរ Service ផ្សេងៗ)។ ដូចនេះ​យើង​ដឹង​ហើយ ថា Root ជាអ្វី។

ជាបន្ទាប់យើងពិនិត្យមើលថាតើវាមានប្រយោជន៍អ្វីខ្លះ? មានមូលហេតុមួយចំនួន ដែលធ្វើឲ្យយើងសំរេចចិត្ត Root វា៖

  • អាចដំឡើងពុម្ពអក្សខ្មែរ​ Unicode អាចប្រើបាន តែពេលនេះមិនទាន់អាច ប្រើបានទេ ដោយសារមានបញ្ហាមិនទាន់ Render ជើង និងស្រៈ មួយភាគធំមិនទាន់ត្រូវល្អ
  • អាចធ្វើការដំឡើងជំនាន់ Android ROM ដោយមិនចាំបាច់រង់ចាំពីក្រុមហ៊ុនទូរស័ព្ទ​ដែល​យើង​ប្រើ។ ឧទាហរណ៍៖ SE X8 មានអស់ត្រឹមតែ 2.1 update 1 ដែលក្រុមហ៊ុននឹង មិនដំលើង ឲ្យដល់ 2.3 ដូចទូរស័ព្ទផ្សេងទេ ដូច​នេះ​បើចង់ដំឡើង មានតែ ដាក់ Custom ROM
  • អាចដំឡើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលទាមទារសិទ្ធិ Root ព្រោះវាត្រូវធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ប្រព័ន្ធ។ ជាធម្មតា​ក្រុម​ហ៊ុន​តែង​តែ​បិទ​សិទ្ធិ ទាំងនោះ​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់ ដំឡើងកម្មវិធីមួយចំនួនដែលធ្វើឲ្យម៉ាស៊ីនគាំងជាដើម។ កម្មវិធីទាំងនោះ មាន៖ Font changer, Android Font Switcher, SetCPU…​ ជាដើម។
  • អាចផ្លាស់​ទី​កម្មវិធីដែលដំឡើង​រួចទៅ​ក្នុង អង្គចងចាំផ្នែក​ក្រៅបាន (SDcard)​ ដោយត្រូវ partition អង្គចងចាំជាប្រភេទ Ext 2/3/4 ដែលជា File system របស់លីនុច អាចឲ្យយើង​អាច​ដំឡើង​កម្មវិធី បានច្រើនជាងការប្រើអង្គចងចាំផ្នែក​ក្នុង។ App2SD ជាកម្មវិធី​សំរាប់ប្រើសំរាប់​ផ្លាស់​ទី។
  • អាចប្រើ លក្ខណៈ​ពិសេស មួយចំនួនដែលរោចក្រផលិតបាន​ដកចេញ។ ឧទាហរណ៍៖ Live wallpaper មួយដែល មាន​ទូរស័ព្ទ​ឈ្មោះថា Nexus បាន​ភ្ចាប់​មកស្រាប់ក្នុងប្រព័ន្ធនោះ តែ​ក្រុមហ៊ុន​មួយ​ចំនួនដូចជា Samsung និង HTC បានដកវាចេញ។
  • អាចដំឡើង Custom Theme ដែលធ្វើឲ្យ Interface កាន់តែទាក់ទាញខ្លាំងឡើង

ជាមួយគុណសម្បត្តិវាក៏​​មានគុណ​វិបត្តិ​មួយ​ចំនួន​ដែរ​ដូច​ជា៖

  • ធ្វើការធានារអស់ប្រសិទ្ធភាព
  • ប្រឈមមុខនឹងការធ្វើឲ្យឧបករណ៍ខូច​រហូត​ប្រើការ​មិនបាន(Brick)
  • អាចឆ្លង Malware ផ្សេងៗ
  • អាចធ្វើឲ្យប្រព័ន្ធគាំងទាំងស្រុង បើសិនជាច្រលំដៃលុប file system មួយណាដោយចៃដន្យ
  • Hacker អាចជ្រៀតចូលហើយលួចយកទិន្ន័យសំខាន់ៗ
  • អាចធ្វើឲ្យឡើងកំដៅម៉ាស៊ីនច្រើនជាងមុន

ចំពោះរបៀបការ Root មានច្រើនប្រភេទអាស្រ័យលើ ប្រភេទនៃទូរស័ព្ទ។ តែវិធីល្អជាងគេគឺប្រើកម្មវិធី Root ល្អជាងការធ្វើផ្ទាល់ដៃ។ មានកម្មវិធី ២-៣ សំរាប់ឲ្យគេអាច Root បានគឺ៖

SuperOneClick, Universal Androot, Z4 និង​ Gingerbreak។ កម្មវិធី​ទាំងនេះ​គឺ​មិន​អាច​​ប្រើ​​បាន​​គ្រប់​​តែ​​ឧបករណ៍​ទេ។ ចំពោះ​របៀប​ធ្វើ​ខ្ញុំ​នឹង​រៀប​រាប់​តាម​ក្រោយ។ បើ​ចង់​បាន​ឯកសារ​កម្មវិធី​នោះសូមចូលទៅកាន់តំណ៖​ http://punareay.site88.net/bk/data/androidRoot/

ជាបញ្ចប់ ចំពោះ​ការសំម្រេច​ចិត្ត​ថា​ Root ឬអត់​វា​ស្រ័យលើ​ការ​សំម្រេច​​ចិត្ត​​និង​​តម្រូវ​​ការ​​របស់​​អ្នក​​ប្រើប្រាស់។ ធម្មតា​យើង​ចំណាយ​លុយ​ទិញ​របស់​អស់​លុយ​​ត្រូវ​តែ​​ប្រើ​​វា​ ឲ្យ​​អស់​​សមត្ថភាព​ មិន​មែន​ធ្វើអ្វី​តាម​តែ​​គេឲ្យ​មក ហើយ​អត់​សិទ្ធិ​គ្រប់​យ៉ាងនោះ​ទេ។ ជា​យោបល់​បុគ្គល ខ្ញុំ​យល់​ថា Root មាន​ប្រយោជន៍​ច្រើន​ជាង​តែ យើង​ត្រូវ​មើល​ជំហ៊ាន​ឲ្យ​បាន​ច្បាស់ និងមើល​លទ្ធផល​ដែល​អ្នក​ផ្សេង​ធ្វើផង បើ​គេ​ភាគ​ច្រើន​ថា​មិន​ល្អ​ហើយ កុំ​ចចេស​ធ្វើ​ឲ្យ​សោះ ក្រែង​ធ្លោយ​ការណ៍​ទៅ​ជា​អាសារ​បង់។

សរសេរ​ដោយ៖ សួន សីហាពណ្ណរាយ
កែ​សម្រួល​ដោយ៖ ទេព សុវិចិត្រ