អំពី​អក្សរ​អង្គុលីលេខ

ថ្ងៃ​នេះ សុំ​បង្វែរ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា ឲ្យ​មក​ជ្រាប​ច្បាស់ និង​ស្វែង​យល់​ឲ្យ​បាន​ដឹង​កាន់​តែ​ច្រើន អំពី​តួ​អក្សរ​​របស់​ខ្មែរ​យើង ដែល​មាន​តាំង​ពី​ទសវត្ស ១៩៥០ មក​ម្ល៉េះ។ អត្ថបទ​នេះ​ក៏​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចាស់​ជាន់​ដើម និង​ពី​គំនិត​ដែល​ចង់​ឲ្យ​ភាសា​ខ្មែរ និង​អក្សរ​ខ្មែរ កាន់​តែ​មាន​ភាព​សម្បូណ៌​នៅ​ក្នុង​សម័យ​ទំនើប។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ទាំង​ស្រុង​ពី​ប្លក់ Sovichet Life ។

អក្សរ​អង្គុលីលេខ មិន​មែន​ជា​អក្សរ​បង្កើត​ឡើង​ថ្មី​សុទ្ធ និង​មិន​មែន​ជា​អក្សរ​ស្រង់​យក​ពី​អក្សរ​នានាជាតិ​មក​បង្កើត​ទេ ជា​អក្សរ​ដែល​គណៈ​កម្មការ​វប្បធម៌​បាន​បង្កើត​តាម​បែប​អក្សរ​ខ្មែរ​យើង​មុន ដែលកំពុង​ប្រើ​ក្នុង​សម័យ​បច្ចុប្បន្ន ដោយ​ការ​រិះរក​ទៅ​ឃើញ​ថា​ត្រូវ​កែ​តួ​ខ្លះ នឹង​កែ​របៀប​សរសេរ​ខ្លះ ទើប​ស្រួល​ក្នុង​ការ​យក​ទៅ​ប្រើ ដើម្បី​ញ៉ាំង​កិច្ច​ការ​ឲ្យ​អនុវត្ត​ទៅ​រហ័ស​ទាន់​កាលៈទេសៈ។

តួព្យញ្ជនៈអក្សរអង្គុលីលេខ

អក្សរ​នេះ​កាល​ក្នុង​គ.ស. ១៩៤៩ ផ្លូវ​ការ​បាន​ប្រកាស​ឲ្យ​ប្រើ​ម្ដង ប្រជាជន​ជា​ច្រើន​ក៏​បាន​ដឹង​ហើយ សឹង​មាន​ប្រកាស​លេខ ៥២៥ N. S. ចុះ​ថ្ងៃ៣ ខែ​សីហា គ.ស. ១៩៤៩ ជា​តាង​ស្រាប់។ រាជរដ្ឋាភិបាល​សម័យ​នោះ​ចាត់​ការ​ប្រមូល​គ្រឿង​ទព្វ​សម្ភារៈ តែ​មិន​ទាន់​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទទួល​កើត​មាន​ឧបសគ្គ ក៏​អាក់​ខាន​មិន​បាន​ចាប់​ប្រើ​តាំង​ពី​កាល​នោះ​មក។ លុះ​ដល់​ក្នុង​គ.ស. ១៩៥២ នេះ រដ្ឋសភា​នឹង​រាជ​រដ្ឋាភិបាល​បាន​សើរើ​ចាត់​ការ ប្រើ​អក្សរ​អង្គុលីលេខ​នោះ​ទៀត បាន​បញ្ចេញ​មតិ​ស្រប​គ្នា ថា​ត្រូវ​តែ​យក​បែប​អក្សរ​អង្គុលីលេខ ដែល​បាន​បង្កើត​ហើយ​នោះ​មក​ប្រើ, កាល​បើ​បាន​គ្រប់​គ្រាន់​ក្នុង​ពេល​ណា នឹង​ចាត់​ការ​ប្រើ​ភ្លាម​នៅ​ពេល​នោះ មិន​បង្អង់​ឡើយ។ […]

តួស្រៈអក្សរអង្គុលីលេខខ្មែរ

បើ​អ្នក​ចង់​អាន​រឿង​ពេញ សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ទស្សនាវដ្ដី មិត្ត​សាលា​បាលី ឆ្នាំ​ទី៣ លេខ​ទី ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០, ១១, ១២ ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៥២, ហើយ​បាន​បញ្ចូល​ទៅ​ជា​ឯកសារ​តែ​មួយ ទុក​ឲ្យ​ងាយ​ស្រួល​ដល់​ការស្រាវ​ជ្រាវ​បាន​ភ្លាម ដោយ​មិន​បាច់​រើស​យក​ទស្សនាវដ្ដី​ទាំង​១២លេខ មក​មើលឡើង​វិញ។ អត្ថបទ​នៅ​ក្នុង​ទស្សនាវដ្ដី​នោះ ត្រូវ​បាន​រៀប​រៀង​ឡើង​ដោយ​លោក អៀង ថ្លាង

ទាញ​យក​ឯកសារ​អត្ថបទ អំពី​អក្សរ​អង្គុលីលេខ​ខ្មែរ