ប្រព័ន្ធ​ប្រតិបត្តិការ MeeGo

រូបរាង លើ Netbook

MeeGo គឺ​ជា​​ទូរស័ព្ទ​ផ្អែក​ទៅ​លើ លីនុច។ MeeGo ត្រូវ​បាន​រចនា​ឡើង​ឲ្យ​អាច​ដំណើរ​ការ​បាន​នៅ​លើ ក្ដារ​អេឡិច​ត្រូនិក (Tablet), Netbook, ទូរស័ព្ទ​កុំព្យូទ័រ (mobile computing), Smartphone និង ម៉ាស៊ីន​ឧបករណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត។ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ត្រូវ​បាន​កើត​ឡើង​ពី​ការ​ដាក់​បញ្ចូល​គ្នា​រវាង ប្រព័ន្ធ​ប្រតិបត្តិការ Moblin របស់ Intel ជាមួយ​នឹង Maemo (ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ N900) របស់ Nokia កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ឯ Mobile World Congress។ គោល​ដៅ​ចម្បង​នៃ​ការ​ដាក់​បញ្ចូល​គ្នា​នេះ គឺ​ដើម្បី​បង្រួប​បង្រួម​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​សហគមន៍ ទាំង​ពីរ ឲ្យ​បង្កើត​បាន​ជា​ប្រព័ន្ធ​ផ្អែក​លើ ថ្មី​មួយ ដើម្បី​ឲ្យ​មាន​ភាព​សម​ទៅ​នឹង​បម្លាស់​ប្ដូរ​ញឹក​ញាប់​នៃ​អ្នក​ប្រើ​ប្រាស់។ ក្រៅ​ពី​ការ​ចូលរួម​របស់ Intel និង Nokia នោះ ក៏​មាន​ក្រុមហ៊ុន​និង​ក្រុម​អ្នក​អភិវឌ្ឍ​នានា​ផ្សេង​ទៀត បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ផង​ដែរ មាន​ដូច​ជា៖ Linux FoundationNovellAMD ។

MeeGo បាន​ចេញ​ផ្សាយ​កំណែ​ដំបូង​នៅ ថ្ងៃ​ទី​២៦ ខែឧសភា ២០១០ ហើយ​មក​ទល់​សព្វ​ថ្ងៃនេះ MeeGo បាន​ចេញ​ដល់​កំណែ ១.២ (ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១១) ។ ចំណែក​ឯពេល​នៃ​ការ​ចេញ​ផ្សាយ​កំណែ​និមួយៗ ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ទំព័រ​វិគី​នៃ MeeGo បើ​អ្នក​ចង់​ដឹង​ច្បាស់​នោះ សូម​ចូល​ទីនេះ។ ចំណែក​ឯ​កំណែ ១.៣ នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​កំឡុង​ខែ​តុលា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន

រូបរាង MeeGo នៅក្នុងទូរស័ព្ទដៃ

MeeGo ស្គាល់ processor ពីរ​គឺ ARM និង x86 និង​ប្រើ btrfs ជា​ប្រភេទ​ឯកសារ​ប្រព័ន្ធ (File System) លំនាំ​ដើម។ ប្រព័ន្ធ​នេះ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ដែល​ប្រកប​ទៅ​ដោយ UI អាច​បត់​បែន​បាន​គ្រប់​កាលៈទេសៈ ដែល​ផ្អែក​ទៅ​លើ Qt ។ MeeGo គឺ​ជា​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​បើក​ចំហ (Open Source) ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចាត់​ចែង​ដោយ Linux Foundation។ MeeGo បាន​ធ្វើ​ការ​បើក​ចំហ​ដូច​ជា៖ ការ​ពិភាក្សា, mailing list, ការ​ប្រជុំ​គណៈកម្មការ​បច្ចេកទេស, ការ​ស្វែង​រក​កំហុស ។ល។ MeeGo បាន​អនុញ្ញាត​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ក្នុង​ការ​ចូលរួម​ធ្វើ​ការ​វិវត្ត​ប្រព័ន្ធ​កម្មវិធី។ ម្យ៉ាង​ទៀត អ្នក​ប្រើ​ប្រាស់​ទាំង​នោះ ក៏​អាច​បង្កើត​របស់​របរ​ដោយ​ខ្លួន​ឯង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ MeeGo។ កញ្ចប់​កម្មវិធី​នៅ​ក្នុង​ប្រព័ន្ធ MeeGo គឺ​ជា​ប្រភេទ RPM។

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​ជំនាញ​រាប់​ពាន់​អ្នក​ដែល​កំពុង​ធ្វើ​ការ​លើ​គម្រោង​មួយ​នេះ ហើយ​ក៏​មាន​អ្នក​ចូលរួម​ជួយ​ជា​ច្រើន​ពាន់​នាក់​ទៀត​ដែល​បាន​ចូលរួម និង​ច្រើន​ជាង​នេះ​ទៀត ដែល​កំពុង​តែ​ចូលរួមជា​រៀង​រាល់​សប្ដាហ៍។

ទោះ​បី​គម្រោង​នេះ​ជា​គម្រោង​បើក​ចំហ​យ៉ាង​ណា​ក្ដី ក៏​​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​និង​ឧបត្ថម្ភ​ពី​សំណាក់​ក្រុម​ហ៊ុន​ជា​ច្រើន។ អ្នក​អាច​មើល​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​ដល់ MeeGo តាម​រយៈ​តំណ​ទាំង​ពីរ​នេះ៖

នៅ​ពេល​ថ្មីៗ​នេះ Nokia បាន​ប្រកាស​ចេញ​ផ្សាយនូវ​ទូរស័ព្ទ MeeGo ដំបូង​របស់​ខ្លួន​គឺ Nokia N9 និង Nokia N950 ។ ចំណែក​ឯ​ប្រភេទ​ក្ដារ​អេឡិច​ត្រូនិក​ទី១ ដែល​ប្រើ​ប្រព័ន្ធ MeeGo នោះគឺ WeTab ដែល​ត្រូវ​បាន​ចេញ​ផ្សាយដោយ​ក្រុមហ៊ុន Neofonie កាល​ពី​ឆ្នាំ​២០១០។

រូបរាង MeeGo នៅលើ Tablet

តើ​អក្សរ​ខ្មែរ​នៅ​ក្នុង MeeGo ដើរ​បាន​ស្រួល​បាន​ដែរ​ឬទេ?

ចម្លើយ​គឺ ដើរ​បាន​ស្រួល។ យោង​ទៅ​តាម​អត្ថបទ​របស់​លោក ដាញ់ ហុង ដែល​ជា​អ្នក​រចនា​​ខ្មែរ​យូនីកូដ ដ៏​ល្បីល្បាញ់​ម្នាក់ បាន​ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក់​ផ្ទាល់​ខ្លួន​របស់​គាត់ អំពី​អក្សរ​ខ្មែរ និង ភាសា​ខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិកា MeeGo នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​រូប​ដែល​លោក ដាញ់ ហុង បាន​ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក់​របស់​គាត់៖

ភាសាខ្មែរ និង អក្សរខ្មែរ នៅក្នុង MeeGo

សព្វ​ថ្ងៃ​នេះ ប្រព័ន្ធ MeeGo មិន​ទាន់​ត្រូវ​បាន​ទទួល​យក​ទៅ​នៅ​លើ​ទូរស័ព្ទ និង​ឧបករណ៍​កុំព្យូទ័រ​ច្រើន​ឡើយ នេះ​ក៏​ដោយ​សារ​តែ​ប្រព័ន្ធ​នេះ​ទើប​តែ​កើត​ឡើង បាន​ប្រហែល​១ឆ្នាំ​ជាង​ប៉ុណ្ណោះ​។ បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ធំៗ​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ទូរស័ព្ទ LG បាន​យក MeeGo ទៅ​ដាក់​ប្រើ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ សម្រាប់​ទូរស័ព្ទ​មួយ​ចំនួន​របស់​ខ្លួន ដែល​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ខាង​មុខ។

ឯកសារ​យោង៖