របៀប​ត្រង​យក​អ៊ីមែល​ទៅ​ដាក់​មួយ​ដុំ នៅ​ក្នុង Gmail

នៅ​ក្នុង​សេវាកម្ម​អ៊ីមែល​មួយ​ចំនួន​តែង​តែ​មាន​នូវ​លក្ខណៈ​ពិសេស​មួយ​ដែលគេ​ហៅ​ថា Filter ជា​ភាសា​ខ្មែរ​ហៅ​ថា តម្រង (ការ​ត្រង​យក)។ គេ​ប្រើ​វា​ដើម្បី​ត្រង​យក​អ៊ីមែល​ទៅ​ដាក់​មួយ​ដុំ ដើម្បី​កុំ​ឲ្យ​វា​មាន​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង ប្រអប់​សារចូល (Inbox) របស់​យើង។ ដូច្នេះ​ខ្ញុំ​នឹង​លើក​យក​អំពី តម្រង នៅ​ក្នុង​សេវាកម្ម របស់ Google។

ក្នុង​ឧទាហរណ៍​នេះ​ខ្ញុំ​នឹង​លើក​យក​ការ​ត្រង​យក​អ៊ីមែល​ពី ទៅ​ដាក់​មួយ​ដុំ ដើម្បី​កុំ​ឲ្យ​វា​មាន​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង ប្រអប់​សារ​ចូល​របស់​យើង។
១. ជា​ដំបូង​សូម​ក្រឡេក​មើល​ទៅ​ផ្នែក​ខាង​លើ អ្នក​នឹង​ឃើញ​ប្រអប់​ស្វែង​រក ហើយ​នៅ​ខាង​ស្ដាំ​នោះ​សូម​ចុច​លើ​ពាក្យ Create a filter។

២. នៅ​ពេល​នោះ​អ្នក​នឹង​ឃើញ​មាន​ប្រឡោះ​ចំនួន ៥ ដូច​ជា៖ From, To, Subject, Has the words, Doesn’t have, និង​កន្លែង​ធីកចំនួន​មួយ។

  • “From” ជា​ប្រឡោះ​សម្រាប់​បំពេញ​អាសយដ្ឋាន​អ៊ីមែល​មនុស្ស​ដែល​ផ្ញើ​មក​អ្នក
  • “To” ជា​ប្រឡោះ​សម្រាប់​បំពេញ​អាសយដ្ឋាន​អ៊ីមែល​មនុស្ស​ដែល​អ្នក​ផ្ញើ​ទៅ ឬ អ៊ីមែល​ណា​ដែល​មាន​ឈ្មោះ​អ្នក
  • “Subject” ជា​ប្រឡោះ​បំពេញ​ប្រធាន​បទ​នៃ​អ៊ីមែល
  • “Has the words” ជា​ប្រឡោះ​សម្រាប់​បំពេញ​ពាក្យ​ណា​មួយ ដែលមាន​នៅ​ក្នុងអ៊ីមែល
  • “Doesn’t have” ជា​ប្រឡោះ​សម្រាប់​បំពេញ​ពាក្យ​ណា​មួយ ដែល​មិន​មាន​នៅ​ក្នុង​អ៊ីមែល
  • “Has attachment” បើ​សិនយើង​ធីក​ទី​កន្លែង​នេះ មាន​ន័យ​ថា អ្វី​ដែល​ត្រូវ​ត្រង​យក​មក​គឺ​ត្រូវ​តែ​មាន​ឯកសារ​ភ្ជាប់

នេះជាឧទាហរណ៍ក្នុងការប្រមូលអ៊ីមែលដែលផ្ញើមកពី Facebook

នៅ​ពេល​លោក​អ្ន​ក​បំពេញ​ប្រឡោះ​តាម​តម្រូវ​ការ​រូច​ហើយ អាច​ចុច​ប៊ូតុង​សាក​ល្បង (Test Search) ដើម្បី​ដឹង​ថា តើ​ការ​បំពេញ​របស់​យើង មាន​លទ្ធផល​ដែរ​ឬទេ។ បន្ទាប់​ពី​សាក​ល្បង​ដឹងលទ្ធផល​ហើយ សូម​ចុច​លើ​ប៊ូតុងទៅ​មុខ (Next Step) ទៀត។

សាកល្បងស្វែងរក (Test Search)

៣. នៅ​ក្នុង​ជំហាន​នេះ​អ្នក​នឹង​ឃើញ​មាន​កន្លែង​ធីក​ចំនួន ៩៖

  • Skip the Inbox (Archive it) ៖ កុំ​ឲ្យ​ចូល​ក្នុង Inbox (ខ្ចប់​វា​ជា​ប័ណ្ណសារ)
  • Mark as read ៖ សម្គាល់​ថា​បាន​អាន
  • Star it ៖ ដាក់​ផ្កាយ
  • Apply the label ៖ ត្រង់​នេះ​សម្រាប់សម្រាប់​ផ្លាស់​ទី​អ៊ីមែល​ទាំង​នោះ ទៅ​ក្នុង​ថត​ណា​មួយ ដែល​យើង​ពេញ​ចិត្ត
  • Forward it ៖ បញ្ជូន​បន្ត
  • Delete it ៖ លុប​ចោល
  • Never send it to Spam ៖ មិន​បញ្ជូន​ទៅ​ជា​របស់​ឥត​បាន​ការ
  • Always mark it as important ៖ តែង​តែ​សម្គាល់​ថា​ជា​របស់​សំខាន់
  • Never mark it as important ៖ កុំ​សម្គាល់​ថា​ជា​របស់​សំខាន់

ដូច្នេះ​ជម្រើស​ទាំង​៩​ខាង​លើ គឺ​ជា​អ្វី​ដែល​នឹង​ប្រតិបត្តិ​ឡើង​នៅ​ពេល​ដែល​អ៊ីមែល​នោះ​ចូល​មក​ក្នុង អាសយដ្ឋាន​របស់​យើង។ ដូច្នេះ​បើ​យើង​រើស​ជម្រើស​មួយ​ណា វា​នឹង​ប្រតិបត្តិ​នូវ​ជម្រើស​មួយ​នោះ។ ខ្ញុំ​បាន​បញ្ជាក់​ថា​ខ្ញុំ​រើស​យកអ៊ីមែល​ពី Facebook ជា​ឧទាហរណ៍ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​រូប​ដែល​ខ្ញុំ​ឧទាហរណ៍។

ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​ប្រមូល​ផ្ដុំ យើង​ត្រូវ​បង្កើត Label (ប្រៀប​បាន​ដូច​ជា​ថត) ដើម្បី​ផ្ទុក​អ៊ីមែល​អស់​នោះ។ ក្នុង​រូប​ខាង​លើ​ខ្ញុំ​បាន​រើស​យក Label មួយ​ឈ្មោះ​ថា៖ ហ្វេស​ប៊ុគ ។ អ្នក​អាច​បង្កើត Label ថ្មី​មួយ​បាន​ដោយ​គ្រាន់​តេ​ចុច​លើ “Choose label…” ហើយ​រើស​យក “New label…” ។ បន្ទាប់​ពី​គូស​ជម្រើស​រួច​ហើយ នៅ​ក្បែរ​ប៊ូតុង​ខាង​ក្រោម អ្នក​នឹង​ឃើញ​ជម្រើស​មួយ​ទៀត​គឺ “Also apply filter to **** conversation/s below”, នេះ​គឺ​ជា​ជម្រើស​ថា ពេល​យើង​ចុច​បង្កើត​ភ្លាម គឺ​ឲ្យ Gmail ធ្វើ​ការ​ត្រង​យក​អ៊ីមែល​​ដែល​មាន​ស្រាប់ៗ​នោះ​មក​ដាក់​ចូល​ភ្លាមៗដាក់​ចូល​ក្នុង Label ដែល​យើង​បាន​កំណត់ ដោយ​មិន​បាច់​ចាំ​ឲ្យ​មាន​អ៊ីមែល​ថ្មី, បើ​មាន​អ៊ីមែល​ថ្មី វា​នឹង​ចូល​ទៅ​ក្នុង​នោះ​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​វា​ត្រង​អ៊ីមែល​ដែល​មាន​ស្រាប់​នោះ សូម​ចុច​ជម្រើស​នោះ បន្ទាប់​មក​ចុ​ច​ប៊ូតុង Create filter ជា​ការ​ស្រេច។

នៅ​ពេល​ដែល​មាន​អ៊ីមែល​ទាំង​នេះ​ផ្ញើ​មក​អ្នក នោះ Gmail នឹងយក​អ៊ីមែល​ទាំង​នោះ​ទៅ​ដាក់​ក្នុង Label ដែល​អ្នក​បាន​កំណត់​នោះ​ហើយ។ នៅ​ពេល​នេះ Inbox របស់​អ្នក​លែង​មាន​ភាព​រញ៉េរញ៉ៃ​ហើយ។