បន្ថែម​គ្រោង​ក្ដារ​ចុចថ្មី​លើ Ubuntu

អ្នក​ប្រាកដ​ជា​ដឹង​រួច​មក​ហើយ​ថា យូនីកូដ​ខ្មែរ​សព្វ​ថ្ងៃ​នេះ មាន​គ្រោង​ក្ដារ​ចុច​ពីរ ទៅ បី​ប្រភេទ​ខុសៗ​គ្នា ដូច​ជា​របស់ NiDA, PAN ជា​ដើម។ តែ​គេ​បង្កើត​នេះ មិន​មែន​យើង​មិន​អាច​បង្កើត​បាន​ដូច​ចគេ​ទេ យើង​អាច។ មាន​អ្នក​មួយ​ចំនួន​គាត់​បាន បង្កើត​គ្រោង​ក្ដារ​ចុច​ផ្ទាល់​ខ្លួន ដើម្បី​ប្រើ​ប្រចាំ​ថ្ងៃ។ ការ​បង្កើត​សម្រាប់ Windows មិន​មាន​អ្វី​ពិបាក​ទេ គ្រាន់​តែ​ទាញ​យក​កម្មវិធី MSKLC។ ពេល​ដែលយើង​បើក​កម្មវិធី​នេះ យើង​នឹង​ទទួល​បាន​ប្លង់​ក្ដារ​ចុច​ទទេ​មួយ គ្រាន់​តែ​ចុច​លើ​ប្រឡោះ​គ្រាប់​ណា​មួយ ហើយ​បញ្ចូល​អក្សរ​ដែល​ត្រូវ​ស្ថិត​នៅ​ត្រង់​គ្រាប់​ចុច​នោះ ជា​ការ​ស្រេច។ ពេល​ធ្វើ​ចប់​ហើយ ចូល​ទៅ​បំពេញ​ព័ត៌មាន​មួយ​ចំនួន ហើយ​ជា​ចុង​ក្រោយ គ្រាន់​តែ​ចុច​នាំ​ចេញ​ហើយ វា​នឹង​បង្កើត​ឯកសារ​ដំឡើង​សម្រាប់​អ្នក។

ក្នុងរូបនេះអ្នកឃើញមានគ្រោងពីរ គឺ៖ Cambodia និង Cambodia DH (ដែល ទើបបន្ថែម)

តែ​នៅ​លើ ឯណេះ​វិញ គេ​មិន​ធ្វើ​ដូច្នោះ​ទេ គឺ​យើង​ត្រូវ​បង្កើត​ឯកសារ​មួយ ហើយ​ឯកសារ​នោះ​ទៀត​គឺ​ជា​ឯកសារ​អត្ថបទ (Plain text) ដែល​អាច​កែ​ប្រែ​បាន​តាម​បំណង។ ខ្ញុំ​សុំ​យក គ្រោង​ក្ដារ​ចុច របស់​ពូ ដាញ់ ហុង ធ្វើ​ជា​គំរូ, អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាននៅ ទីនេះ (ឯកសារ​នេះ​មិន​មែន​ទ្រង់​ទ្រាយ​ទេ)។ ក្រោយ​ពី​ទាញ​យក​រួច សូម​ទុក​ឯកសារ​នេះ​ទៅ​ទី​កន្លែង​ណា​មួយ​បណ្ដោះ​អាសន្ន​សិន។ បន្ទាប់​មក​សូម​អនុវត្ត​តាម​ខាង​ក្រោម។

១. ចុច alt+f2 រួច​វាយ gksu nautilus (ដើម្បី​ចូល​ទៅ​កែ​ប្រែ​ថត​ប្រព័ន្ធ)

២. សូម​ចូល​ទៅ​កាន់ File System -> /usr/share/X11/xkb/symbols ហើយ​ចម្លង​ឯកសារ kh-dh ដែល​បាន​ទាញ​យក​រួច​នោះ ទៅ​ដាក់​ក្នុង​ថត​នេះ

៣. បន្ទាប់​មក​សូម​បើក​ឯកសារ evdev.xml ដែល​ស្ថិត​នៅ​ក្នុង​ថត /usr/share/X11/rules

៤. បន្ទាប់​ពី​បើក​ថត​នោះ​ហើយ សូម​ស្វែង​រក​ពាក្យ “Cambodia” នៅ​ពេល​នោះ អ្នក​នឹង​ឃើញ​កូដ​មួយ​ដុំ, កូដ​នោះ​ហើយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​គ្រោង Cambodia បាន។ ដូច្នេះ​ដើម្បី​ឲ្យ​គ្រោង​ថ្មី​របស់​អ្នក​ដើរ​បាន​នោះ គ្រាន់​តែ​ចម្លង​កូដ​ខាង​ក្រោម​នេះ ទៅ​ដាក់​ពី​ក្រោម​បណ្ដុំ​កូដរបស់ Cambodia។

 <layout>
      <configItem>
        <name>kh-dh</name>
        <shortDescription>Khm-DH</shortDescription>
        <description>Cambodia DH</description>
        <languageList><iso639Id>khm</iso639Id></languageList>
      </configItem>
      <variantList/>
    </layout>

សូម​មើល​រូប​ខាង​ក្រោម ដើម្បី​ឲ្យ​អ្នក​ដាក់​ឲ្យ​បាន​ត្រូវ​កន្លែង។

ពន្យល់​កូដ៖

  • <name>kh-dh</name> ប្រាប់​ឈ្មោះ​ឯកសារ​ក្នុង​ថត /usr/share/X11/xkb/symbols
  • <shortDescription>Khm-DH</shortDescription> ជា​ឈ្មោះ​បង្ហាញ​នៅ​ក្នុង​របារ​លើ
  • <description>Cambodia DH</description> ជា​ឈ្មោះ​បង្ហាញ​នៅ​ពេល​រើស​ឈ្មោះ គ្រោង​ក្ដារ​ចុច
  • <languageList><iso639Id>khm<iso639Id></languageList> ប្រើ​សម្រាប់​បញ្ជាក់​ថា នេះ​ជា​គ្រោង​ក្ដារ​ចុច​នៃ​ភាសា​ខ្មែរ

បន្ទាប់​ពី​ថែម​កូដ​ខាង​លើ​រួច​ហើយ សូម​រក្សា​ទុក​ឯកសារ​នេះ។

៥. ក្រោយ​មក​ទៀត សូម​ចូល​ទៅ​កន្លែង​បន្ថែម​គ្រោង​ក្ដារ​ចុច។ ហើយ​ចុច​លើ​ផ្ទាំង By language។ ហើយ​រើស​ដូច​រូប​ខាង​ក្រោម៖

នៅ​ពេលនេះ អ្នក​អាច​ប្រើ​គ្រោង​ក្ដារ​ចុច​ថ្មី​បាន​ហើយ។