អត្ថបទ​ពិចារណា៖ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​វាយពាក្យ​ខ្មែរ​ក្នុង​កុំព្យូទ័រ​ខុស?


ខ្ញុំ​បាន​ប្រទះ​ឃើញ​ជា​ច្រើន​លើក​ច្រើន​សារ នៃ​ការ​វាយ​អក្សរ​ខ្មែរ​ក្នុង​កុំព្យូទ័រ​ខុស​ក្បួន​ខ្នាត។ ក្បួន​ខ្នាត​ត្រង់​នេះ ខ្ញុំចង់​សម្ដៅ​ទៅ​លើ​ការ​សរសេរ​ខុស​ពី​ការ​ប្រកប។ ជា​ទូទៅ​ពេល​ដែលយើង​ប្រកប​អក្សរ យើង​តែង​តែ​ហៅ ព្យញ្ជនៈ រួច​ជើង បន្ទាប់​មក​ស្រៈ តាម​ក្រោយ។ ឧ៖ ខ្មែរ ខ្ញុំ​សរសេរ​អក្សរ ខ ដាក់​ជើង ្ម ដាក់​ស្រៈ ែ និង រ ខ្ញុំ​អាន​ថា ខ្មែរ។ តែ​ចម្លែក​តែ​បង​ប្អូន​មួយ​ចំនួន គាត់​មិនវាយ ខ + ្ម + ែ + រ នោះ​ទេ បែរ​ជា​វាយ ខ + ែ + ្ម + រ ទៅ​វិញ។តើ​នេះ​មក​ពី​មូល​ហេតុ​អ្វី? ម្យ៉ាង​វិញ​ទៀត ដូច​ជា​ការ​សរសេរ​ជើង​ពីរ​ត្រួត​គ្នា ឧ៖ ស្ត្រី គាត់​វាយ ស + ្រ + ្ត + ី វាយបែប​នេះ​គឺ​ខុស កាល​ណា​មាន​ជើង​ពីរ​ត្រួត​លើ​គ្នា យើង​ត្រូវ​វាយ ស + ្ត + ្រ + ី គឺ​វាយ​ជើង​ក្នុង​មុន​ជើង​ក្រៅ ហើយ​បាន​ថែម​ស្រៈ​តាម​ក្រោយ។ គឺ​ដូច​ដែល​យើង​ប្រកប​អក្សរ​ជា​ដើម។

របៀប​នៃ​ការ​វាយ​យូនីកូដ​ខ្មែរ​នៅ​ក្នុង​កុំព្យូទ័រ៖

  • ១. ព្យញ្ជនៈ + ស្រៈ + … (ឧ៖ ការ)
  • ២. ព្យញ្ជនៈ + ជើង + … (ឧ៖ ស្រ, ប្រ)
  • ៣. ព្យញ្ជនៈ + ជើង + ស្រៈ + … (ឧ៖ ខ្មែរ, ស្រែ, ប្រួល)
  • ៤​. ព្យញ្ជនៈ + ជើង​ក្នុង + ជើង​ក្រៅ + ស្រៈ + … (ឧ៖ ស្ត្រី, ឥន្ទ្រីយ៍)

ខ្ញុំ​ក៏​ធ្លាប់​បាន​ដាក់​ផ្សាយ​អំពី សារៈ​ប្រយោជន៍​នៃ​ចន្លោះ​មើល​មិន​ឃើញ ផង​ដែរ។ នៅ​ពេលនេះ​ខ្ញុំ​សូម​សរសេរ​អត្ថបទ​នេះ​ឡើង ក្នុង​គោល​បំណង​កែ​តម្រូវ​អ្នក​ដែលវាយ​ខុស​នឹង​ក្បួន ឲ្យ​ត្រូវ​តាម​ក្បួន​វិញ។ សូម​មើល​រូប​ខាង​ក្រោម ដែល​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​វាយ​ខុស​របស់​បង​ប្អូន​មួយ​ចំនួន។ (ពាក្យ​និមួយៗ​ត្រូវ​បាន​សរសេរ​ជា​ពីរ​ជួរ លើ និង ក្រោម លើ​វាយ​ត្រូវ ក្រោម​វាយ​ខុស, ខាង​ក្រោម​គឺ​ជា​ការ​វាយ ស្រៈ មុន ជើង)

ចំពោះ​អ្នក​ដែល​ប្រើ Windows និង មុខ​ជា​មិន​ឃើញនូវ​កំហុស​នេះ​សោះ​ឡើយ ក៏​ព្រោះ​តែ យូនីកូដ​ខ្មែរ ដើរ​មិន​ទាន់​ស្រួល​ក្នុង Windows និង នៅ​ឡើយ។ ចំណែក​អ្នក​ដែល​ប្រើ Linux មុខ​ជា​នឹង​ឃើញ​នូវ​កំហុស​ទាំង​នេះ​ជាក់​ជា​មិន​ខាន។ ខ្ញុំ​ក៏​ធ្លាប់​បាន​ណែនាំ​បងប្អូន​នានា ​ដែល​ខ្ញុំ​ស្គាល់ ឲ្យ​វាយឲ្យ​បាន​ត្រឹម​ត្រូវ​ដូច​ជា ការ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ និង ការ​វាយ​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត​ប្រកប។ ហើយ​នៅ​ពេល​នេះ ពួក​គាត់​បាន​វាយ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​បាន​រហូត​ដល់​ទៅ ៩០%។ ក្រៅ​ពី​ការ​វាយ​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត​នោះ លោក​អ្នក​គួរ​ណា​យល់​ឲ្យ​បាន​ច្បាស់​អំពី​ការ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ ដែល​ខ្ញុំ​បាន​នយាយ​រួច​ពី​ខាង​លើ។

តើ​អ្នក​មាន​គំនិត​យ៉ាង​ណា ចំពោះ​បញ្ហា​ទាំង​អស់​នេះ?