តើ​គួរ​ជ្រើស​យក​កម្មវិធី​មួយ​ណា​ដើម្បី​តំលើង​ web site?

អត្ថបទ​មុន​បាន​​រៀប​រាប់​រួច​មក​ហើយ​​អំពី CMS មួយ​ចំនួន​ដែល​អាច​ចាត់​ទុក​ថា​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ។ Wikipedia ក៏​មាន​​បញ្ជី CMS រាប់​សិប​ដែល​យើង​មិន​អាច​ចាំ​អស់ ហើយ​រឹត​តែ​មិន​មាន​ពេល​សាក​ល្បង​ម្ដងមួយៗ​ឱយ​បាន​ចប់​ក្នុង​ពេល​ឆាប់​រហ័ស​ បាន​ដែរ។ ជួន​កាល មាន​សេវា​កម្ម​មិន​គិត​ថ្លៃ​ដែល​អនុញ្ញាតិឱយ​យើង​បង្កើត web site ដោយ​មិន​គិត​ថ្លៃ អាច​ផ្ទុក​ឯកសារ​បាន​​ដោយ​គ្មាន​កំនត់ ឯ​ server ទៀត​សោត​ គេ​ជា​អ្នក​គ្រប់​គ្រង​ជំនួស គេ​ចាត់​ចែង​​ឱយ​យើង​ប្រើ​បាន​ដោយ​ងាយ​ស្រួល។

Village road sign in Devon

មាន​អ្នក​សាច់ ​កម្ម​ជា​ច្រើន ជា​ពិសេស​អ្នក​ចង់​សាក​ល្បង​ចង់​ចេះ​វិជ្ជា​រយ​ជំពូក ឬ អ្នក​សិក្សា​ផ្នែក​កុំ​ព្យូទ័រ មិន​អាច​អត់​ទ្រាំ​​ស្រាវ​ជ្រាវ​កម្មវិធី របស់​គេ​និង​យក​មក​តំលើង​ខ្លួន​ឯង​ឱយ​ខាង​តែ​បាន។ ចំនែក ក្រុមហ៊ុន​ធំៗ សេវាកម្ម​ធំៗ ដែល​មាន​សមាជិក​ដល់​រាប់​ពាន់​ រាប់​លាន តំរូវ​ឱយ​​សរសេរ​កម្មវិធី​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ អ្នក​សិក្សា​ភាគ​ច្រើន​ក៏​អាច​ប្រើ​ប្រាស់​ Framework មួយ​ចំនួន​ផង​ដែរ​ ដើម្បី បង្កើត web site ដែល​មាន​ដំនើរ​ការ​ តាម​ដែល​ខ្លួន​ចូល​ចិត្ត។ ផ្ទុយ​ទៅ​វិញ បើ​មើល​ពី​សំបក​ក្រៅ Web site គ្មាន​អ្វី​ក្រៅ​ពី អត្ថបទ, រូបភាព, វីដេអូ, និង effect មួយ​ចំនួន​​សំរាប់​ទាក់​ទាញ​ភ្នែក​តែ​ប៉ុណ្ណោះ។ ដូច្នោះ មាន​កត្តា​ជា​ច្រើន​ដែល​អាច​មាន​ឥទ្ធិពល​លើ​ការ​ជ្រើស​រើស​យើង​កម្មវិធី ឬ ឧបករណ៍​ណា​មួយ​យក​មក​ប្រើ នៅ​ពេល​ណា, ព្រោះ អ្វី, ដើម្បី​អ្វី,…

បច្ចេក​វិទ្យា

គ្មាន​នរណា​ម្នាក់​ចង់​ប្រើ​ប្រាស់​សំភារៈ​ហួស​សម័យ​នោះ​ទេ លើក​លែង​តែ​មនុស្ស​នោះ​មិន​ទាន់​សម័យ ឬ ឧបករណ៍​នោះ ពិត​ជា​មាន​គុណភាព​ល្អ​លើស​គេ​មែន។ ដូច​គ្នា​ដែរ web site អាច​សរសេរ​ដោយ​ដៃ​សុទ្ធ, អាច​ប្រើ​រូបភាព​មួយ​ផ្ទាំង​ជំនួស​ក៏​បាន, អាច​ដំនើរ​ការ​លើកម្មវិធី​ web ដែល​គេ​គ្រប់​គ្រង​ឲ្យ​ហើយ​ក៏​បាន (wordpress.com, tumblr.com, blogger.com), ម្ចាស់​គេហទំព័រ​អាច​ដំឡើង​ដោយ​ខ្លួន​ឯង​ក៏​បាន (WordPress, Joomla, Drupal, Typo3,…), ឬ ក៏​ក្រុម​ developer ណា​មួយ​ត្រូវ​បង្កើត​ឡើង​ថ្មី​សុទ្ធសាធ​ដើម្បី​ឆ្លើយ​តប​ដំនើរ​ការ​ដោយ​ឡែក​ ណា​មួយ​ដែល CMS មិន​អាច​ធ្វើ​បាន។

សព្វ​ថ្ងៃ យើង​គួរ​ពិចារណា​ដោយ​ពឹង​ផ្អែក​លើ​សុវត្ថិភាព​ (security) ជា​ចំបង​ដើម្បី​ជៀសវាង​ការ​វាយ​ប្រហារ​ណា​មួយ​ដោយ​មិន​ដឹង​ខ្លួន។ ជួន​កាល ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ផលិតផល​ខ្លះ ព្យាយាម​ធ្វើ​ឲ្យ​ Search Engine បង្ហាញ​ទំព័រ​របស់​ខ្លួន​នៅ​លើ​គេ (SEO: search engine optimization) ដោយ​ធ្វើ​តាម​ទាំង​ផ្លូវ​ភ្លឺ និង ផ្លូវ​ងងឹត។ ជួន​កាល ទំព័រ​នី​មួយៗ​គួរ​តែ​មាន​កូដ​ដែល​ត្រូវ​តាម​ស្តង់​ដារ​បច្ចុប្បន្ន HTML, XHTML, strict, stransitional,…. ដែល​ត្រូវ​បាន​កំនត់​និង​កែ​សំរួល​ជា​បន្ត​បន្ទាប់​ដោយ w3c.org។ ជួន​កាល​បច្ចេក​វិទ្យា​ខ្ពស់​ពេក អាច​តំរូវ​ចិត្ត​តែ​សមាជិក​មួយ​ភាគ តូច​ដែល​មាន​ចំនេះ​ដឹង​គ្រប់​គ្រាន់​ដើម្បី​ប្រើ​ប្រាស់​ឧបករណ៍​ដែល​មាន​ ស្រាប់​បាន​គ្រប់​គ្រាន់។ បច្ចេក​វិទ្យា​ទាប​ពេក គេហទំព័រ​យើង​នឹង​ត្រូវ​បាន​អ្នក​អាន​កប់​ទុក​ក្នុង​សារមន្ទី​រ​ជា​មិន​ខាន។

Web 2.0 មិន​មែន​ជា​ការ​ផ្សព្វផ្សាយ​តែ​មួយ​ផ្លូវ​ទៀត​ឡើយ។ ទំព័រ ឬ អត្ថបទ ឬ រូបភាព​ណា​មួយ​ដែល​យើង​ផ្សព្វផ្សាយ អាច​អនុញ្ញាតិ​ឱយ​អ្នក​អាន​ចូល​រួម​បញ្ចេញ​មតិ ឬ ចូល​រួម​បន្ថែម​ខ្លឹម​សារ ឬ កែ​លំអ​ដោយ​មិន​ចាំ​បាច់​អ្នក​មាន​ចំនេះ​ដឹង​សរសេរ​កូដ HTML ទៀត​ឡើយ។ យើង​ក៏​មិន​អាច​ចាត់​ទុក​ថា​ web site ជា​កម្មវិធី​នៅ​លើ desktop ទៀត​ឡើយ ព្រោះ​អ្នក​ចូល​រួម​កែប្រែ​ខ្លឹម​សារ​មាន​ច្រើន​គ្នា នៅ​ពេល​ណា​ក៏​បាន​ឱយ​តែ Server ដំនើរ​ការ។ ថ្វី​បើ​បច្ចេក​វិទ្យា​មាន​លក្ខណៈ​សំបូរ​បែប​យ៉ាង​នេះ​ក្ដី សុវត្ថិភាព​​នៅ​តែ​​ជា​បញ្ហា​ចំបង។ Hackers តែង​មាន​មធ្យោបាយ​ថ្មីៗ​ជ្រៀត​ចូល​ក្នុង​​ទំព័រ​យើង​ជា​និច្ច។ ដូច្នោះ​ ប្រព័ន្ធ​ដំនើរ​ការ​របស់​យើង​ត្រូវ​តែ​វិវត្ត​ឱយ​បាន​ឆាប់​រហ័ស​បំផុត។

អ្នក​ប្រើ​ប្រាស់

បច្ចេក​វិទ្យា ត្រូវ​សំរប​ទៅ​តាម​កត្តា​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។ បើ​យើង​បង្កើត​​ web site សំរាប់​មជ្ឈដ្ឋាន​ទូទៅ​ចូលរួម​សរសេរ​អត្ថបទ ឬ upload រូបភាព ឬ វីដេអូ,… form ទាំង​ឡាយ​ត្រូវ​រៀប​ចំ​ឱយ​មាន​ភាព​ងាយ​ស្រួល​បំផុត។ អ្នក​ទាំង​នោះ​អាច​ជា​អ្នក​និពន្ធ, អ្នក​ថត​រូប, អ្នក​ស្រាវជ្រាវ … ដែល​មិន​មាន​បទ​ពិសោធន៍​ទាល់​តែ​សោះ​ក្នុង​ការសរសេរ​កូដ​បាន​ត្រឹម​ត្រូវ​ ដូច​ developers។ ឧទាហរណ៍ អ្នក​ចូល​រួម​សរសេរ​អត្ថបទ​គួរ​មើល​ឃើញ ត្រឹម​តែ​ចន្លោះ​សំរាប់​ដាក់​ចំនង​ជើង​និង​អត្ថបទ អ្នក​ត្រួត​ពិនិត្យ​អាច​កែ​ប្រែ​អត្ថបទ​របស់​អ្នក​ដទៃ​បាន អ្នក​គ្រប់​គ្រង​ទំព័រ​អាច​មាន​សិទ្ធិ​ច្រើន​ជាង​នេះ​ទៀត​ដើម្បី​គ្រប់​គ្រង ​ទំព័រ…។

ជា​ធម្មតា អ្នក​ប្រើ​ប្រាស់​ចូលចិត្ត​ធ្វើ​អ្វី​តាម​ទំលាប់​របស់​គេ មើល​ឃើញ​យ៉ាង​ណា​ត្រូវ​តែ​បង្ហាញ​លទ្ធផល​ចុង​ក្រោយ​យ៉ាង​ហ្នឹង។ ខុស​ពី developers ដែល​ត្រូវ​រៀប​ចំដំនើរ​ការ​ខាង​ក្នុង​​ទំព័រ​របស់​ខ្លួន​ឱយ​ឆ្លើយ​តប​ឱយ​បាន ​ឆាប់​រហ័ស។ ឧទាហរណ៍ ដើម្បី​បង្ហាញ​អត្ថបទ​ដែល​បាន​រៀប​ចំហើយ​គេ​ត្រូវ​ចុច mouse បី ទៅ បួន​ដង ឬ ដើម្បី​បង្ហោះ​រូប​ភាព ១០០ សន្លឹក គេ​ត្រូវ submit ម្ដងមួយៗ នោះ​បាន​ន័យ​ថា​យើង​កំពុង​​លើក​ទឹក​ចិត្ត​ឱយ​សមាជិក​ទាំង​ចាស់​ទាំង​ថ្មី ឈប់​ប្រើ​សេវាកម្ម​របស់​យើង​ហើយ។ Persona ជា​ពាក្យ​ដែល​គេ​ប្រើ​​ញឹក​ញាប់​​ក្នុង​ដំនាក់​កាល​រៀប​ចំ prototype។ Developers អាច​ស្មាន​ទុក​មុន​ថា​​សមាជិក​ប្រភេទ​អ្វី​ខ្លះ​នឹង​ក្លាយ​ជា​អ្នក​ប្រើ​ ប្រាស់​កម្មវិធី​របស់​ខ្លួន ឧបករណ៍​ណា​ខ្លះ​ដែល​គួរ​អនុញ្ញាតិ​ឱយ​ប្រើ​យោង​ទៅ​តាម​តួនាទី​របស់​សមាជិក​ នីមួយៗ។

ដូច្នោះ​ ការ​ជ្រើ​សរើស​ CMS ឬ framework ណា​មួយ​ មក​ប្រើ​ក៏​អាស្រ័យ​ទៅ​តាម​គោល​ដៅ​ផង​ដែរ។ ជួន​កាល​ ឧបករណ៍​ខ្លះ​មាន​អ្នក​ប្រើ​ច្រើន​លើស​លុប​តែ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​អ្នក​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ ឬ ត្រឹម​តែ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម នឹង​​ហុច​លទ្ធផល​ខុស​គ្នា​នៅ​ពេល​ដែល​យើង​យក​មក​អនុវត្ត​ចំពោះ​សមាជិក​របស់​ យើង

ជំនួយ​បច្ចេក​ទេស

កម្មវិធី​ល្អ​មិន​ត្រឹម​តែ​អាស្រ័យ​លើ​សុវត្ថិភាព និង ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ។ ឧបករណ៍​ជំនួយ​ជា​កត្តា​សំខាន់​សំរាប់​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​មិន​ចំពោះ​ មុខ។ Forum, chat room, professional service, ឬ មិត្តភ័ក្តិ គ្រាន់​តែ​ជា​ជំនួយ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ ក្រុម developers ត្រូវ​មាន​ជា​ចាំ​បាច់ នូវ​ឯកសារ​ជំនួយ​​ដែល​វិវត្ត​ទន្ទឹម​គ្នាទៅ​នឹង Version កម្មវិធី​របស់​ខ្លួន។

ជួន​កាល​ web site ខ្លះ​ប្រើ​កម្មវិធី ដោយ​បង់​ប្រាក់​ដោយ​សារ​គេ​មាន​ប្រាក់​ផង គេ​មាន​សេវាកម្ម​បច្ចេក​ទេស​ដែល​អាច​ទុក​ចិត្ត​ផង។ ជួន​កាល យើង​​ប្រើ​កម្មវិធី​កូដ​បើក​ចំហរ (FOSS) មិន​ប្រាកដ​ថា​មាន​អ្នក​ផ្ដល់​សេវាកម្ម​បច្ចេក​ទេស​ពិត​ប្រាកដ​នៅ​ឯណា​ទេ​ ក្រៅ​ពី​ស្វែង​រក​តាម​ Internet។ បច្ចុប្បន្ន wiki software ត្រូវ​បាន​ប្រើ​ប្រាស់ ច្រើន​បំផុត​សំរាប់​សរសេរ​ឯកសារ​ជំនួយ​ព្រោះ​នរណា​ក៏​អាច​ចូល​រួម​កែលំអរ​ ខ្លឹម​សារ​បាន​​គ្រប់​ពេល​វេលា។ ដោយ​ចំនួន​អ្នក​ប្រើ​ប្រាស់ មាន​កាន់​តែ​ច្រើន ​ឯកសារ​ជំនួយ​កាន់​តែ​វិវត្ត​ជា​លំដាប់ ខុស​ពី​កម្មវិធី​​ដែល​ត្រូវ​បង់​ប្រាក់ ដោយ​មាន​តែ​អ្នក​ប្រើ​ប្រាស់​មួយ​ភាគ​តូច​ និង អ្នក​បាន​ផល​ចំនេញ​ពី​កម្មវិធី​នោះ​ទើប​ស្ម័គ្រ​ចិត្ត​ចូល​រួម​ម្ដង​ម្កាល​ ដោយ​ទើស​ទាល់។

ស្វែង​រក​ចំនូល

ការ​ស្វែងចំនូល​​តាមរយៈ web site មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ តែ​ក៏​មិន​ងាយ​ស្រួល​ពេក​ដែរ ​ប្រសិន​បើ​យើង​​មិន​ចេះ​ដើរ​ផ្លូវ​កាត់ ឬ មិន​ផ្ដោត​ទៅ​លើ​ចំនូល​ជា​រឿង​សំខាន់។ គេហទំព័រ​ពត៌មាន, រូបភាព, វីដេអូ, និង social network ទាក់​ទាញ​អ្នក​អាន​បាន​ច្រើន​បំផុត។ អ្នក​ទាំង​នោះ​ជួន​កាល​ជាម​នុស្ស​ទំនេរ​គ្មាន​ការ​ធ្វើ រឺ​ជា​ក្រុម​ផ្សព្វ​ផ្សាយ​ដែល​ស្វែង​រក​អតិថិជន​ប្រភេទ​មុន​នេះ។

web site ដែល​អាច​ទុក​ចិត្ត​បាន គួរ​តែ​មាន​ខ្លឹម​សារ​​បង្កើត​ឬ​សិក្សា​ដោយ​ផ្ទាល់​ខ្លួន អត្ថបទ​មិន​ចំលង​គេ ឬ បង្ហាញ​ត្រឹម​ក្ដី​សង្ខេប​របស់​អត្ថបទ​របស់​គេ​ដើម្បី​គាំ​ទ្រ​មតិ​អ្វី​មួយ ​របស់​ខ្លួន។ មាន​ web site ជា​ច្រើន​ត្រូវ​បាន​បង្កើត ហើយ​ដួល​ទៅ​វិញ ឬ ទុក​ចោល​ដោយ​សារ​គ្មាន​ខ្លឹម​សារ​ដើម ឬ សង្ឃឹម​ទាក់​ទាញ​អ្នក​ចូល​រួម​បាន​ច្រើន​នៅ​ពេល​ក្រោយ​ទាំង​មិន​ទាន់​ដឹង​ថា ​ប្រធាន​បទ​របស់​ខ្លួន​នឹង​ត្រូវ​បក​ស្រាយ​ពី​អ្វី​នៅឡើយ។

Domain name មួយ​តំលៃ ១០$ , web host មធ្យម ៧$ ក្នុង​មួយ​ខែ ឬ ក៏​អាច​រក​បាន​ថោក​ជាង​នេះ រហូត​ដល់ 2$ ក៏​មាន​។ ដូច្នោះ​ ការ​បង្កើត​ web site មិន​មែន​ពឹង​ផ្អែក​ទាំង​ស្រុងលើ developers នោះ​ទេ។ ម្ចាស់​​ទំព័រ​ត្រូវ​គូសវាស​ទុក​ជា​មុន​នូវ​ខ្លឹម​សារ​ និង​ការ​រៀប​ចំ​ឱយ​បាន​ត្រឹម​ត្រូវ​, ច្បាស់​លាស់, និង​ងាយ​ស្រួល​ស្វែង​រក​សំរាប់​មជ្ឈដ្ឋាន​ទូទៅ។ ការ​បង្ហាញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ស្វែង​រក​ចំនូល​ជា​រឿង​បន្ទាប់​បន្សំ បន្ទាប់​ពី​ទំព័រ​យើង​មាន​ប្រជា​ប្រិយភាព​តែ​ប៉ុណ្ណោះ។